ភ្នំពេញ៖អ្នកប្រដាល់ ប៉ោ ភារិទ្ធ សមាគមកីឡាប្រដាល់ក្រសួងកសិកម្មប៉ះអ្នកប្រដាល់ថៃ Van Chhaleum ខណៈអ្នកប្រដាល់ រិន សារ័ត្ន ក្លិប កងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃ Kolap Dam ប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅលើសង្វៀនSEATV នារសៀល ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះ មានថ្វីដៃល្អ និងវាយខ្លាំងគួរសមដែរ ដោយសារគេជាជើងខ្លាំងនៅស្រុកថៃ។ Van Chhaleum ប្រកួត៧២លើក ឈ្នះ៥៨លើក និងចាញ់១៤លើក មិនដែលស្មើ។ អ្នកប្រដាល់ថៃរូបនេះ មានសមត្ថភាពបច្ចេកទេសប្រដាល់កម្រិតខ្ពស់ដែលប៉ោ ភារិទ្ធមិនអាចមើលស្រាលបានឡើយ។
ចំពោះប៉ោ ភារិទ្ធព្យាយាមស្ដារកេរ្តិ៍ឡើងវិញសម្បើមណាស់តែអ្វីៗនៅមិនទាន់វិលមក ដូចដើមនៅឡើយទេ បន្ទាប់ពីស្រុតចុះខ្លាំងនោះស្ទើរតែគ្រប់សង្វៀនទាំងអស់ មិនមានសង្វៀនណាមួយផ្ដល់ឱកាសឲ្យអ្នកប្រដាល់រូបនេះបានឡើងប្រកួតឡើយ ។ ប៉ុន្មានប្រកួតចុងក្រោយនេះគេធ្វើបាន ល្អខ្លះនិងមិនបានល្អខ្លះ ។
អ្នកប្រដាល់ល្អទាំងការការពារ ទាំងការវាយលុកតែជើងក្រោម របស់ភារិទ្ធមិនជារឹងមាំនោះទេតែ
បន្ទាប់ពីគេព្យាយាមហ្វឹកហាត់ឡើងវិញនោះ គូប្រកួតក៏មិនងាយនឹងវាយប្រហារជើងគេបានឡើយ ព្រមទំាងប្រកួត៧៤លើក ឈ្នះ៦៣លើក ចាញ់១១លោក និងមិនដែរស្មើ ។
ចំណែកអ្នកប្រដាល់ រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃ Kolap Dam។ រិន សារ័ត្ន មួយរយៈនេះគេហាក់ដូចជាស្រុតចុះខ្លាំងណាស់ទោះបីរបៀបវ៉ៃរបស់គេនៅតែល្អក៏ពិតមែន និងនៅរហ័សក៏ពិតមែនតែកម្លាំង និង ទឹកចិត្តរបស់គេស្រុតចុះខ្លាំងណាស់ ។ រិន សារ័ត្ន ប្រកួត៦០ដង ឈ្នះ៤៤ដង ចាញ់១៣ដង និងស្មើ៣ដង ។
អ្នកប្រដាល់ថៃ Kolap Dam ជាអ្នកប្រដាល់ដែលសំបូរកលល្បិចគ្រាន់បើដែរ ហើយរូបគេមានរបៀបវ៉ៃរបស់គេគឺវ៉ៃដោយមិនបង្ខំ គេវ៉ៃចេញមួយៗតែច្បាសាំហើយវ៉ៃចេញភាគច្រើនចំគោលដៅបានល្អ ថែមទាំងប្រកួត៩០ដង ឈ្នះ៧៩ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ៕ដោយ៖លី ភីលីព