ភ្នំពេញ៖ក្រោយពីបញ្ចប់មហាសន្និបាតកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រកាសបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១០-១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។
លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា ដោយយោងតាមផែនការប្រចាំឆ្នាំនៃការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងទទួលបាននូវយុទ្ធសាស្ត្រ ការចង្អុលបង្ហាញពីលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីបង្កើនចំណេះជំនាញពិតជូនដល់មន្ត្រីបច្ចេកទេសគ្រូបង្វឹកថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងអន្តរជាតិ ចៅក្រមជាតិ និងអន្តរជាតិ។
លោកបានបន្ថែមទៀតថា សហពព័ន្ធនឹងរៀបចំបើកវគ្គបច្ចេកទេសគ្រជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ ចាប់ពីថ្ងៃទី១០-១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។ ដោប្រើប្រាស់កញ្ចប់ថវិកាផ្នែកបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ជូនសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ប្រចាំឆ្នាំ២០១៩ ដើម្បីពន្លឿនការអភិវឌ្ឍធនធានកីឡាជំនាញតាម ប្រភេទកីឡានីមួយឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
លោកអគ្គលេខាធិការបានបន្តថា វគ្គនេះមានគ្រូឧទ្ទេស២រូប គឺរូបលោកប្រធានវគ្គ និងជាគ្រូឧទ្ទេស និងលោក សោ សុផេង គ្រូឧទ្ទេសដោយមានសិក្ខាកាមចូលរួមចំនួន ២១នាក់ គឺជាគ្រធ្លាប់ឆ្លងកាត់វគ្គថ្នាក់មូលដ្ឋានកីឡាកាយសម្ព័ន្ធពិតប្រកដ ទើបអាចចូលរួមវគ្គនេះបាន និងមកពីរាជធានីភ្នំពេញ ខេត្តក្រចេះ និងកំពង់ឆ្នាំង៕ដោយ៖លី ភីលីព