ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជានារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណោះសំណាល ជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ កីឡាគុនល្បុក្កតោមុនពេល ទៅចូលរួមប្រកួតនៅ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម “SEA GAMES 2019” លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ច័ន្ទ សារុន បានមានប្រសាសន៍ថា ដោយត្រូវចេះគោរពស្រឡាញ់គ្នា អត់ឱនអនុគ្រោះអធ្យាស្រ័យ ឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យក្រុមរបស់ខ្លួនមានភាពរឹងមាំ ទាំងការហ្វឹកហាត់ និងការប្រកួតជាដើម។ ការហ្វឹកហាត់ត្រៀមក៏ដូចជា ប្រកួតនេះត្រូវខិតខំធ្វើយ៉ាងណាឲ្យស៊ីសង្វាក់ គ្នាខាងផ្នែកបច្ចេកទេស រីឯការស៊ីសង្វាក់គ្នាផ្នែកផ្លូវចិត្ត អារម្មណ៍នោះក៏ត្រូវតែមានដូចគ្នា ដើម្បីជំរុញឲ្យការប្រកួតនេះ មានភាពរលូន និងអាចស្វែងរកបាននូវលទ្ធផល កាន់តែប្រសើរផងដែរ។ យើងមិនអាចប្រកាន់ចិត្តខឹង ធ្វើឲ្យចិត្តសាស្រ្តក្រុមនេះបែកឆ្ងាយពីគ្នានោះឡើយ ព្រោះការចាញ់ ឬឈ្នះ គឺជាលទ្ធផលក្រុមទាំងមូល។
លោកទេសរដ្ឋមន្រ្តីបាន បន្ថែមថា ត្រូវតែខិតខំក្នុងរយៈពេល ហ្វឹកហាត់ត្រៀមខ្លួននេះ ដោយត្រូវគោរពឲ្យបាន នូវវិន័យ ក្រមសីលធម៌ ស្តាប់បង្គាប់គ្រូបង្វឹក ដោយមិនត្រូវហ្វឹកហាត់តាមអារម្មណ៍ផ្ទាល់ ខ្លួនម្នាក់ៗនោះទេ ប៉ុន្តែត្រូវគោរពតាមកម្មវិធីហ្វឹកហាត់បច្ចេកទេស ដែលបានកំណត់ទុក។
ក្រុមកីឡាការិនីជម្រើសជាតិ កីឡាគុនល្បុក្កតោកម្ពុជា បង្កើនគុណភាព បច្ចេកទេសដើម្បីត្រៀមចូលប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ ដោយកម្ពុជា បានត្រៀមប្រភេទកីឡាសរុបចំនួន៣០ ក្នុងនោះមាន៩ប្រភេទកីឡា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាចាត់ចូលក្នុងប្រភេទកីឡាសក្តានុពលឈានទៅប្រជែង បានមេដាយ៕ ដោយ៖លី ភីលីព


