ភ្នំពេញ៖លោកសាស្ត្រា ចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងរបស់ក្រសួងអបរំ យុវជន និងកីឡា លោក និន ភិរម្យ តំណាងឲ្យលោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមកម្រិតបរិញ្ញាប័ត្ររបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី ១៤ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ ស្តាតចាស់។
លោក និន ភិរម្យ អគ្គលេខាធិការរង សហព័ន្ធកីឡាគុនខ្មែរបានឲ្យដឹងថា ថ្ងៃនេះ ជាទិវាមួយប្រក បដោយមោទនភាពយ៉ាងជ្រាលជ្រៅ និងឧត្តុងឧត្តមបំផុត ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំបើកវគ្គបណ្តុះបណ្តាល សមត្ថភាព បច្ចេកទេសនិងក្រមសីលធម៌ កម្រិតបឋម ដល់មន្រ្តីកីឡាប្រដាល់គុនខ្មែរ ដើម្បីទទួលបានចំណេះដឹងឲ្យបានល្អប្រសើរ ឈានឆ្ពោះទៅកីឡា Sea Game ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកបានបន្តថា ឆ្លងតាមការត្រួតពិនិត្យ តាមដានសិក្ខាកាម ក្នុងវគ្គសិក្សានេះ យើងឃើញថា សិក្ខាកាម របស់យើងបានយកចិត្តទុកដាក់ស្តាប់ និងធ្វើការកត់ត្រា តាមដាន យ៉ាងម៉ឺងម៉ាត់ ស្តែងចេញជាលទ្ធផល ៖ មន្រ្តីរបស់យើងមួយចំនួនធំ មានសមត្ថភាព កម្រិតវប្បធម៌ខ្ពស់ អាចទទួលយកបានចំណេះដឹងបានរហូតដល់ ៩៧ ភាគរយ និងមួយចំនួនទៀត មានកម្រិតវប្បធម៌មធ្យម អាចទទួលយកបាន ៨៥ភាគរយ។
ដូច្នេះយើងឃើញថា សិក្ខាកាមអាចទទួលយកនូវចំណេះដឹង ដែលគ្រូឧទ្ទេសនាម លោកបានខិតខំប្រឹងប្រែង និងរិះរកគ្រប់យុទ្ធវិធីដើម្បីធ្វើយ៉ាងណាឲ្យមន្រ្តីយើងទទួលយកបាននូវចំណុចល្អៗ បានជាមូលដ្ឋាន ក្នុងពេលចុះអនុវត្តការងារជាក់ស្តែងនៅគ្រប់សង្វៀនប្រកួត នាពេលខាងមុខ ។
អគ្គលេខាធិការរងសហព័ន្ធកីឡាគុនខ្មែរបានបន្ថែមទៀតថា លទ្ធផលនៃការសិក្សាវគ្គនេះ តាមការពិនិត្យវាយតម្លៃឃើញថាមន្រ្តីរបស់យើងអាចទទួលយកបានរហូតដល់ ៩៥ភាគរយលទ្ធផលនេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានមោទនភាពណាស់ ដែលមន្ត្រីរបស់យើង ទទួលបានការយល់ដឹងកម្រិតខ្ពស់ ធ្វើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ យើងមានជំនឿថា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងនឹងអាចមានមន្រ្តីរបស់យើងអាចចូលរួមក្នុងសមាសភាពជាគណៈកម្មការអន្តរជាតិ ជាមួយនិងបណ្តាប្រទេសក្នុងអាស៊ានបាន ។
លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានឲ្យដឹងដែរថាវគ្គនេះគឺចំណាយថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ហើយសិក្ខាកាមដែលភាគច្រើនជាគរុសិស្សមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានោះសុទ្ធតែជាអ្នកមានចំណេះដឹងខាងកីឡាខ្ពង់ខ្ពស់ហេតុនេះពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់ ។
សូមបញ្ជាក់ថា វគ្គនេះឧទ្ទេសនាមដោយលោកវេជ្ជាបណ្ឌិតឆឹង យ៉ៅយ៉េនដែលជាអនុប្រធានសហព័ន្ធកីលាប្រដាល់គុនខ្មែរ និង ជាប្រធានសហព័ន្ធន្ធកីឡាសកលកម្ពុជា លោកអ៊ិន ខេមរិន្ទ និង លោកមាស សុខគ្រី ៕