ភ្នំពេញ៖គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាបានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល១០ថ្ងៃនៅទីក្រុងដូហា ប្រទេសកាតាក្នុងការហ្វឹកហាត់កម្ដៅសាច់មុនការប្រកួតកីឡាSEA GAMES ២០១៩ លើកទី៣០ នៅប្រទេសហ្វីលីពីន។

លោក នាង សូរិទ្ធីយ៉ា ជាអគ្គលេខាធិការរងនៃសហព័ន្ធខ្មែរហែលទឹក និងគ្រូបង្វឹក បាននិយាយថា ការហ្វឹកហាត់បោះជំរុំនាក្រុងដូហា ប្រទេសកាតារយៈពេល១០ថ្ងៃនោះយើងទទួលចំណេះដឹងជាច្រើនពីកីឡាករ-កីឡាការិនីហែលទឹក និងគ្រូបង្វឹកនូវផ្លាស់ប្ដូរបច្ចេកទេសដែលមានប្រទេសចូលរួមទាំងអស់ក្នុងតំបន់អាស៊ី។

លោកបានបន្តថា ក្រោយមកយើងនឹងទទួលការទស្សនាការប្រកួតហែលទឹកពិភពលោក “FINA Swimming World Cup 2019-DOHA (Qatar) ដើម្បីស្វែងយល់ពីការប្រកួតកម្រិតពិភពលោក និងកម្រិតអាស៊ីសម្រាប់ឲ្យកីឡាករ-កីឡាការិនីហែលទឹកត្រៀមខ្លួនចូលរួមការប្រកួតSEA GAMES ២០១៩ លើកទី៣០ នៅប្រទេសហ្វីលីពីននៅខែវិច្ឆិកានេះ៕ដោយ៖លី ភីលីព

