កីឡា

ឆៃ សារ៉ា ពុទ្ធ ឆាយរិទ្ធីប៉ះថៃប្រជែងរក៣ពិន្ទុនៃ“អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន”

ភ្នំពេញ៖ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” រដូវកាលទី១ទម្ងន់៦៧គីឡូក្រាម នៅសង្វៀនSEATV នាយប់ថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ អ្នកប្រដាល់កម្ពុជា ឆៃ សារ៉ា ក្លិបសមាគមកីឡាប្រដាល់នៃក្រសួងការពារជាតិប៉ះអ្នកប្រដាល់ ថៃ Phat Oubun ខណៈអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ខណ្ឌពោធិសែនជ័យ ជួបអ្នកប្រដាល់ ថៃ Rong Napha។


លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀនSEATVបាននិយាយថា ឆៃ សារ៉ា សម្រាប់ការប្រកួតកលើកនេះគឺជាការងារធ្ងន់ ពីព្រោះ Phat Oubun មានស្នៀតវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន។ អាចនិយាយបាន ថា Phat Oubun ជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេ។


ចំពោះឆៃ សារ៉ា មានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភគឺខ្លាចតែចាញ់កម្លាំង ស៊ុហ្វ និងចាញ់កម្ពស់ Phat Oubun តែប៉ុណ្ណោះ ហើយរបៀបវាយរបស់គេ កាន់តែល្អ និង រហ័សជាងមុន ហើយកម្លាំងកាយសម្បទានិង ទឹកចិត្តរបស់គេគឺខ្លាំងជានិច្ច អ្នកប្រដាល់ថៃរូបនេះមានការប្រកួត៧៨ដង ឈ្នះ៦២ដង ចាញ់១៦ដង រីឯសារ៉ា វិញប្រកួត ១០២ដង ឈ្នះ៨១ដង ចាញ់១៩ដង និងស្មើពិន្ទុ២ដង ។


ដោយឡែកអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ខណ្ឌពោធិសែនជ័យជួបអ្នកប្រដាល់ ថៃ Rong Napha។ ពុទ្ធ ឆាយរិទ្ធី ជាខ្លាចំណាស់មួយរូបដែរនោះទំនងជាមិនស្រួលសម្រាប់Rong Naphaឡើយ ហើយRong Napha ចាញ់កម្ពស់រិទ្ធីតែកម្លាំងរបស់គេអាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហាពិសេសគេជាអ្នកប្រដាល់ដែលរឹងទាំងជើងក្រោមមានផ្លែកែង ជង្គង់ល្អហើយវ៉ៃមិនឆេវឆាវទៀតផង ។


អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង ស្មើពិន្ទុ៣ដង និង ធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង និងពុទ្ធ ឆាយរិទ្ធីវិញមានប្រវត្តិប្រកួតចំនួន ៩១ដង ឈ្នះ៦៣ដង ចាញ់២៥ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ ដង ៕ដោយ៖លី ភីលីព

Most Popular

To Top