ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីទាញព្រ័ត្រមកពី៥ខេត្ត និង២ក្រសួងបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៥ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

កញ្ញា មាស តឿ មន្ត្រីគណៈកម្មការប្រកួតបាននិយាយថា ការប្រកួតឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីទាញព្រ័ត្រមកពីសមាគមកីឡាទាញព្រ័ត្រក្រសួងចំនួន២ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ និង៥រាជធានី-ខេត្តរួមមានខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកំពត ព្រមទំាងខេត្តកណ្តាល។

កញ្ញាបន្តថា ការប្រកួតចែកចេញជា២ផ្នែក គឺបុរស និងនារី ចំណែកក្រុមបុរសមាន៥ក្រុម ហើយក្រុមនារីមាន៥ក្រុមដែរ។ សម្រាប់រូបមន្តការប្រកួតវិលជុំដោយជ្រើសរើសយក៤ក្រុមឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រទំាងបុរស និងនារីមានរូបមន្តដូចគ្នា៕ដោយ៖លី ភីលីព

