កីឡា

កាន់ ម៉េងហុងបង្ខំឲ្យលីន និមលលើកទង់ជ័យសក្នុងទឹកទី៣ TV5 Boxing Knock-Out Serie by K-Cement

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួត TV5 Boxing Knock-Out Serie by K-Cement អ្នកប្រដាល់ជើងថ្មី កាន់ ម៉េងហុង ក្លិបនាគរាជចតុមុខបានបង្ខំឲ្យអ្នកប្រដាល់ លីន និមល ក្លិបបូរីរាជសីហ៍មានរិទ្ធលើកទង់ជ័យស មុនស្នូរជួងបញ្ចប់ទឹកទី៣ បន្ទាប់ពីទទួលរងការវាយលុកយ៉ាងសន្ធាប់នោះ។


នៅទឹកទី១និមលបានព្យាយាមប្រើស្នៀតចម្លែកៗដើម្បីសម្លុតស្មារតីម៉េងហុង សម្រាប់ម៉េងហុងដែលជាម្ចាស់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩លើប្រភេទទម្ងន់៥១គីឡូក្រាមនោះគេក៏បញ្ចេញស្នៀតប្លែកៗរួមទាំងស្នៀតនាគវ័ធកន្ទុយសងវិញយ៉ាងធ្ងន់ៗមិនតែប៉ុណ្ណោះ ម៉េងហុង ក៏ប្រើស្នៀតជង្គង់ហោះ និងលោតផ្កាប់ចានធ្វើឲ្យនិមលបានត្រឹមតែដកថយ និងការពារប៉ុណ្ណោះ ។
មកដល់ទឹកទី៣និមលវ៉ៃលែងចេញតែម្ដង ចំពោះស្ថានភាពបែបនេះម៉េងហុងក៏លោតប្រើស្នៀតជង្គង់ហោះសង្គ្រប់ទៅលើនិមលធ្វើឲ្យនិមលលើកទង់ជ័យស សុំចុះចាញ់តែម្ដង ។

ធន អៀងឡេង ក្លិបកងយោធពលខេមរភូមិន្ទបានយកឈ្នះសាន់ វាសនា ក្លិបនាគរាជចតុមុខដោយពិន្ទុទាំងមិនសូវស្រួលខ្លួនប៉ុន្មានឡើយ ។២ទឹកដំបូងស្ថានភាពនៃការប្រកួតហាក់ដូចជាមិនមាននរណាលើនរណានោះទេមិនតែប៉ុណ្ណោះការវ៉ៃចេញរបស់វាសនាធ្វើឲ្យអៀងឡៃចង់គាំងម្ដងៗដែរ ។ចាប់ពីទឹកទី៣ទៅអៀងឡេងចាប់ផ្ដើមមានប្រៀបវិញម្ដងមិនតែប៉ុណ្ណោះការវ៉ៃចេញរបស់អៀងឡេងចំគោលដៅបានច្រើនទៀតផង ។


ការវ៉ៃចេញរបស់វាសនាមិនត្រឹមតែមិនមានប្រសិទ្ធិភាពប៉ុណ្ណោះទេតែគេត្រូវអៀងឡេងវាយឲ្យមានរបួសនៅចុងចិញ្ចើមឆ្វេងនៅទឹកទី៤ទៀតផង ទោះជាយ៉ាងណាក៏ពួកគេទាំង២ប្រកួតគ្នារហូតចប់ទឹកទី៥ដោយ ធន អៀងឡេងឈ្នះ សាន់ វាសនាដោយពិន្ទុ ។

ចំពោះជំនួបរវាងអ្នកប្រដាល់ជើងចាស់២រូបវិញនោះ មាស សុជាតិក្លិបក្រុងប៉ោយប៉ែតកីឡាប្រកួតឈ្នះអ្នកប្រដាល់ចៅ ផលឌឿ ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងដោយពិន្ទុ។អ្នកប្រដាល់ទាំង២រូបនេះមិនវ៉ៃបំពានគ្នាឡើយគឺគេវ៉ៃដោយប្រើបច្ចេកទេសពិសេសគេប្រើកណ្ដាប់ ដៃវ៉ៃគ្នាភាគច្រើន ហើយគេវ៉ៃតាមរបៀបចាស់ទុំ និងប្រើស្នៀតប្លែកៗដើម្បីបង្ហាញអ្នកជំនាន់ក្រោយ ។ ពួកគេប្រកួតគ្នាពេញ៥ទឹកដោយជ័យជម្នះបានទៅលើមាស សុជាតិទាំងប្រផិត ប្រផើយប៉ុណ្ណោះ៕ដោយ៖លី ភីលីព

Most Popular

To Top