ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលមានឱកាសធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាប៉េតង់ពិភពលោកនេះជាលើកដំបូង ដោយសារតែស្នាដៃសម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ។

លោក ស សុខាបានឡើងបែបនេះក្នុងឳកាសពិធីបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមាន៤៩ប្រទេសចូលរួម។

លោកបានបន្តថា សម្តេចទាំង២បានកសាងគ្រឹះរឹងមាំ និងត្រួសត្រាយផ្លូវរលូនសម្រាប់យើងទាំងអស់គ្នាចូលរួមនឹងឆន្ទៈការទទួលខុសត្រូវ និងការលះបង់សម្រាប់សហព័ន្ធប៊ូល និងប៉េតង់កម្ពុជារបស់យើង សម្រាប់មនុស្សជំនាន់ក្រោយរក្សា បន្ត និងឆន្ទៈក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ លើកទី ៣២ នាពេលខាងមុខនេះ។

ដោយបានមើលឃើញភាពជាគំរូរបស់ឥស្សរៈជនជំនាន់មុន និងការខិតខំប្រឹងប្រែងលះបង់ធ្វើយ៉ាងណាឲ្យយើងទាំងអស់គ្នាមានថ្ងៃនេះ ខ្ញុំតែងមានសុបិន្តមួយតាំងពីកុមារភាព គឺសុបិន្តចង់ចូលរួមដោយផ្ទាល់ជាមួយសហជិកនៃមហាគ្រួសារប៉េតង់កម្ពុជា ឥឡូវនេះសុបិន្តបានក្លាយជាការពិត ហើយខ្ញុំបានមោទនភាពយ៉ាងក្រៃលែងដែលយើងជាយុវជនជំនាន់ក្រោយមានឱកាសបង្ហាញពីសក្តានុពលរបស់កម្ពុជាក្នុងកម្រិតមួយណានោះ៕ដោយ៖លី ភីលីព


