ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់បានផ្ញើសារថា សូមចូលរួមអបអរសាទរវីរកីឡាការិនីកម្ពុជា អ្នកស្រី កែ ឡេង បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
សូមលើកទឹកចិត្តដល់វីរកីឡាការិនី អ្នកស្រី កែ ឡេង ក៏ដូចជា កីឡាករ កីឡាការិនីកម្ពុជាផ្សេងៗទៀត សូមបន្តប្រឹងប្រែងបញ្ចេញចំណេះជំនាញ និងទេពកោសល្យ ដែលខ្លួនមានឲ្យអស់ពីសមត្ថភាព ក្នុងការប្រកួត សំដៅធ្វើយ៉ាងណាដណ្តើមយកជ័យជន្នះ និងកិត្តិយសជូនខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល ។
សូមជូនកីឡាករ កីឡាការិនីកម្ពុជា ក៏ដូចជា កីឡាករ កីឡាការិនីទាំង ៤៩ប្រទេសទៀត ដែលចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ នេះ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ៗគ្នា ៕
ដោយ៖ លី ភីលីព





