ភ្នំពេញ៖ប្រទេសកម្ពុជាទទួល បានមេដាយ២គ្រឿង សម្រាប់ ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯ កពិភពលោក យុវជន និងនារី លើកទី១៧ក្នុងនាមម្ចាស់ផ្ទះ ការប្រកួត ដែលប្រព្រឹត្តចាប់ថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម។
វីរកីឡាការិនី កែ ឡេង បានការពារមេដាយមាសពិភពលោក ជាលើកទី៣ ដោយបានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសា វាយយកពិន្ទុ(Shooting)ទទួលបានមេដាយមាស។ ចំពោះវីរកីឡាការិនី កែ ឡេង គឺជាកីឡាការិនីរបស់សមាគមកីឡាក្រសួងការពារជាតិ។
ចំណែកវិញ្ញាសា៣ទល់៣នាក់នារីរួមមាន ក្រុមកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណាទទួលបានត្រឹមមេដាយសំរិទ្ធ ក្រោយពីចាញ់កីឡាការិនីឡាវ លទ្ធផល១៣ទល់៧ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕ ដោយ៖លី ភីលីព







