ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងប្រធាន ខេមរសហព័ន្ធកីឡាតេក្វាន់ដូ (WT)នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញ ចូលរួមកម្មវិធីជូនដំណើរក្រុមកីឡាករ-កីឡាការិនី តេក្វាន់ដូ (WT)ឆ្ពោះទៅការប្រកួត កីឡាS EA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន “President Cup 2019 ” ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូ (WT) បានប្រាប់ឲ្យដឹងថា កម្មវិធីជូនដំណើរក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ (WT)ឆ្ពោះទៅការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី១០០នាក់ ក្នុងនោះកីឡាករ៦០នាក់ កីឡាការិនី២៨នាក់ ព្រមទំាងប្រតិភូ គ្រូបង្វឹក១២នាក់។
លោកបានបន្តថា កម្មវិធីមានក្លិបចំនួន៦រួមមានក្លិប INDUK ក្លិបវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ក្លិបហូសាណា ក្លិបវិទ្យាល័យហ៊ុន សែន ពាមជីកង ក្លិបប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) និងក្រុមសម្តែងជម្រើសជាតិតេក្វាន់ដូ ព្រមទំាងមានការចូលរួម ពីតំណាងក្លិបកីឡាតេក្វាន់ដូ (WT)មកពីបណ្តារាជធានី-ខេត្តផ្សេងៗ។
លោកអគ្គលេខាធិការ បានបន្ថែមទៀតថា ប្រតិភូ អាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករ -កីឡាការិនី ចូលរួមការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេស ហ្វីលីពីន ចំនួន១៩នាក់ក្នុងនោះកីឡាការិនី៧នាក់ ៕
ដោយ៖លី ភីលីព






