ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រយប់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៩ អ្នកប្រដាល់ព្រឿង សុជាតិ ក្លិបកងពលធំអន្តរាគមន៍លេខ ២នៃសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់សូត្រ ខេវិន ក្លិបបក្សីស្លាបដែកដោយពិន្ទុ ។

ការប្រកួតដែលមានតែ៣ទឹកនោះសុជាតិមានប្រៀបលើខេវិនស្ទើរតែគ្រប់ទឹកទាំង៣តែម្ដង ហើយខេវិន បានព្យាយាមប្រើកែងវាយសង្គ្រប់មកលើសុជាតិតែត្រូវសុជាតិប្រើកណ្ដាប់ដៃច្រាសសងវិញធ្វើឲ្យខេវិនវង្វេង និងដួលទៅលើកម្រាលសង្វៀនជាញឹកញាប់ ។

ខេវិនបញ្ចេញកែងច្រើនមែនតែកែងរបស់គេបានត្រឹមតែវាយបានត្រឹមតែខ្យល់ប៉ុណ្ណោះ ចំពោះកណ្ដាប់ដៃរបស់សុជាតិវិញភាគច្រើនវ៉ៃចំគោលដៅល្អ បន្ទាប់ពីប្រកួតគ្នាពេញទាំង៣ទឹកនោះ ព្រឿង សុជាតិឈ្នះសូត្រ ខេវិនដោយពិន្ទុ ។ ខេវិនពេលនេះនៅសល់តែការប្រជែងដណ្ដើមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ រីឯ សុជាតិមានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រដែលមានរង្វាន់អម ៤.០០០ដុល្លារ ។

កូយ ឡាយ ក្លិបទ័ពឆ័ត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់ជើងថ្មីទូច ដេវីដ ក្លិបអារុណរះកីឡាដោយពិន្ទុ ។ ទោះបីការប្រកួតមានលក្ខណៈតឹងតែងក៏ពិតមែនតែសម្រាប់ការប្រកួតទាំង ៣ទឹកនេះកូយ ឡាយមានប្រៀបខ្លាំងលើគូប្រកួតរបស់ខ្លួនពេញទាំង៣ទឹកតែម្ដង ។ កូយ ឡាយនឹងជួបជាមួយព្រឿង សុជាតិនៅវគ្គផ្ដាច់ព្រ័ត្រចំពោះទូច ដេវីដត្រូវប្រជែងយកចំណាត់ថ្នាក់លេខ ជាមួយសូត្រ ខេវិន ៕ដោយ៖លី ភីលីព
