ភ្នំពេញ៖ គណៈ កម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា ក្រោយទទួលបានការឯកភាពពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន នឹងបញ្ជូនក្រុមកីឡាបាល់ទាត់ស្ប៉ាស្យាល់មួយក្រុម ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ស្ប៉ាស្យាល់អូឡាំពិកអនុតំបន់មេគង្គលើកទី៩ (9th Mekong Football Tournament) នឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យឡាវ។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា ដោយទទួលបានការអញ្ជើញតាមរយៈលិខិតចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ របស់ស្ប៉ាស្យាល់អូឡាំពិតឡាវ ព្រមទាំងទទួលបានការអនុញ្ញាតពីលោកប្រធាននោះ កម្ពុជានឹងបញ្ជូនប្រតិភូ ០១ រូប គ្រូបង្វឹក ០១ រូប អ្នកថែទាំ ០១ រូប និងកីឡាករ ០៩ រូប សរុប ១២ រូប ឲ្យចូលរួមការប្រកួតកីឡាបាល់ទាត់ស្ប៉ាស្យាល់អូឡាំពិកអនុតំបន់មេគង្គលើកទី៩ (9th Mekong Football Tournament)។ ក្នុងនោះផងដែរ លោកអគ្គលេខាធិការ បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់អនុតំបន់មេគង្គនេះ គឺត្រូវធ្វើជាម្ចាស់ផ្ទះប្តូរវេណ រៀងរាល់ឆ្នាំ ក្នុងក្របខ័ណ្ឌអនុតំបន់មេគង្គ។
លោក លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ និងប្រធានប្រតិភូដឹកនាំ បានបន្តទៀតថា ក្នុងការជ្រើសកីឡាករទៅចូលរួមនេះ ត្រូវបានជ្រើសរើសឆ្លងកាត់ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិកាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅ ដោយមានកីឡាករពីខេត្តស្វាយរៀង ចំនួន ០៥រូប និងគ្រូបង្វឹក ១ ខេត្តបាត់ដំបង កីឡាករ ០២ រូប ខេត្តតាកែវ ០១ រូប និងរាជធានីភ្នំពេញ ០១ រូប៕
ដោយ:លី ភីលីព