កីឡា

ការប្រកួតប្រណាំងម៉ូតូលើវាលរាបលើកទី៤ “Total Cup Race “ នៅអាកាសយាន្តដ្ឋានខេត្តបាត់ដំបងនឹងប្រព្រឹត្តនាថ្ងៃទី៦ដល់៨ ខែធ្នូ

ភ្នំពេញ៖ទីភ្ញាក់ងាររៀបចំការប្រកួតយានយន្តកម្ពុជាសហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ប្រកាសការប្រកួតប្រណាំងម៉ូតូលើវាលរាបលើកទី៤ “Total Cup Race “ នៅអាកាសយាន្តដ្ឋានខេត្តបាត់ដំបង គឺជាកម្មវិធីប្រណាំងម៉ូតូដ៏អស្ចារ្យប្រចាំឆ្នាំត្រឡប់មកវិញហើយសម្រាប់ឆ្នាំ២០១៩នេះនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនតតូតាល់កាំបូត នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៦ដល់៨ ខែធ្នូ ឆ្នាំ២០១៩។


លោក ពៅ កិចឡេង អគ្គនាយកKARA មានប្រសាសន៍ថា ផ្លូវការប្រណាំងមានលក្ខណៈកោងកែង គ្រប់គ្រងដោយអ្នកជំនាញលំដាប់ខ្ពស់ពីប្រទេសថៃ ចំពោះផ្លូវប្រណាំងនេះមានចម្ងាយសរុបជាង១១៥០ ម៉ែត្រ(ជុំ)ចំនួន១១កោងកែងលើផ្លូវរត់ព្រលានយន្តហោះ។ តាមបទសោជន៍ពីការប្រកួតកន្លងមកកីឡាករប្រណាំងពេញចិត្តទីតំាងនេះណាស់ ដោយសារវាអំណោយផលផលក្នុងការបង្ហាញតិចនិកប្រកួតរបស់ពួកគេ។


លោកបានរំពឹងថា នឹងមានក៏ឡាករប្រមាណ៤០ទៅ៦០នាក់ទាំងកីឡាករក្នុងស្រុក និងបរទេស។ អ្នកទស្សនាអាចចូលរួមដោយទិញសំបុត្រនៅព្រលានយន្តហោះបាត់ដំបងដោយផ្ទាល់ក្នុងក៤០០០រៀល។ កាលពីឆ្នាំមុនយើងមានអ្នកចូលរួមយ៉ាងពុះកររហូត៥០០០នាក់ ហើយឆ្នាំនេះយើងជឿជាក់ថានឹងមានកំណើនអ្នកចូលរួមច្រើនជាងមុនទៅ។


លោកអគ្គនាយកKARA បានបន្តថា ក្រុមហ៊ុន KARA តែងតែសំឡឹងឃើញឱកាសសម្រាប់ក្រុមហ៊ុន កីឡាករប្រណាំង និងទស្សនិកជនទូទៅនឹងមានច្រើនក្នុងឱកាសទស្សនាកីឡាប្រណាំងយានយន្តរបស់កម្ពុជា។ ការប្រណាំងនេះមិនត្រឹមតែជាក៏កីឡានោះទេ តែវាក៏រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសផងដែរ។


លោកអាស៊ីហ្វ អ៊ុកបាល់ អគ្គនាយកក្រុមហ៊ុនតូតាល់កាំបូតមានប្រសាសន៍ថា ការឧបត្ថម្ភកម្មវិធីនេះក៏ជាផ្នែកមួយនៃការបន្តផ្សព្វផ្សាយសុវត្ថិភាពចរាចរផ្លូវគោករបស់ក្រុមហ៊ុនតូតាល់ដែលជាគោលការណ៍សំខាន់របស់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ការផ្សព្វផ្សាយនេះក៏ធ្វើតាម រយៈការលើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ ដោយសារគ្រោះថ្នាក់លើដងផ្លូវនៅតែជាមូលហេតុចំបងនៃការស្លាប់ក្នុងប្រទេសកម្ពុជា៕ដោយ៖លី ភី លីព

Most Popular

To Top