ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជានាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជួបសំណេះ សំណាលជាមួយគ្រូបង្វឹក និងអត្តពលិកហែលទឹកកម្ពុជាចំនួន១២រូបមុនចេញដំណើរទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅប្រទេស ហ្វីលីពីន។

លោក ហែម គិរី បានប្រាប់ឲ្យដឹងថា អំពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាហែល ទឹកកម្ពុជាទាក់ទងនឹងស្ថានភាពហ្វឹកហាត់ ការផ្គត់ផ្គង់អាហារូបត្ថម្ភ ដើម្បីបង្កើនសមត្ថភាពរបស់កីឡាករ កីឡាការិនី ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេស ហ្វីលីពីន។

វិញ្ញាសារសម្រាប់ត្រៀមចូលរួមក្នុងកីឡាស៊ីហ្គេមលើកទី៣០រួមមាន៖ ហែលរបៀប សេរីបុរសនារីរយៈពេលចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបកង្កែបបុរសនារីរយៈ ពេលចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបផ្ងារនារីរយៈពេលចម្ងាយ៥០ ម៉ែត្រ ហែល របៀបផ្ងារបុរសនារីរយៈពេលចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រ ហែលបួនរបៀប ឯកត្តជនបុរសរយៈពេល ចម្ងាយ២០០ម៉ែត្រ និងហែលបណ្តាក់របៀបសេរីបុរសនារីរយៈពេលចម្ងាយ ៤x១០០ម៉ែត្រ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើឲ្យកីឡាករ-កីឡាការិនីខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម រក្សាកេរ្តិ៍ឈ្មោះជាកីឡាករកម្ពុជាប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងបាន ជូនពរពួកគេឲ្យទទួលបានជ័យជំនះនៅក្នុងការប្រកួតជូនជាតិមាតុភូមិយើង៕ដោយ៖លី ភីលីព



