ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានផ្ញើសារអបអរសាទរក្រុមកីឡាប៉េតង់កម្ពុជានារីទទួលជ័យជម្នះទំាង២ប្រកួតធ្វើឲ្យក្រុមនេះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទោះបីនៅសល់មួយប្រកួតក៏ដោយ។

ក្នុងសាររបស់លោក ស សុខា មានន័យថា សូមចូលរួមអបអរសាទរដល់ក្រុមកីឡាប៉េតង់កម្ពុជាផ្នែកនារី ដែលបានយកឈ្នះ ២ប្រកួត លើវិញ្ញាសាក្រុម ទី១. យកឈ្នះក្រុមនារីម៉ាឡេស៊ី ដោយពិន្ទុ ១៣ ទល់ ១០ និងទី២. យកឈ្នះក្រុមនារីឥណ្ឌូនេស៊ី ដោយពិន្ទុ ១៣ ទល់ ១ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ។

តាមរយៈលទ្ធផលនេះ ក្រុមកីឡាប៉េតង់កម្ពុជាផ្នែកនារី យកឈ្នះ ២ប្រកួត គឺឈរលេខ១ ក្នុងពូលA បើទោះបីនៅសល់១ប្រកួតទៀតជាមួយក្រុមនារីម្ចាស់ផ្ទះហ្វីលីពីននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។សូមលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីកម្ពុជា ដែលចូលរួមការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ទាំងអស់ បន្តប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមយកជ័យជន្នះជូនព្រះរាជាណាចក្រកម្ពុជារបស់យើង ។

សូមជូនពរប្រតិភូ និងកីឡាករ កីឡាការិនី ដែលបាន និងកំពុងចូលរួមការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជន្នះកុំបីខានឡើយ៕ដោយ៖លី ភីលីព

