អតីតវីរបុរសនៅក្លឹបតោខៀវ Chelsea លោក Didier Drogba បានប្រើប្រាស់ត្រឹម iPhone សេរ៊ីចាស់តែប៉ុណ្ណោះ ក្នុងការសម្ញែងថត Selfie ជាមួយនឹងកីឡាករវ័យក្មេងរបស់ក្លឹប Paris Saint-Germain គឺ Kylian Mbappe នៅឯព្រឹត្តិការណ៍នៃការប្រកាសអ្នកឈ្នះពានBallon d’Or កាលពីយប់ថ្ងៃទី ២ ធ្នូ។

រូបភាព Selfie មួយសន្លឹកនោះ បានទទួលការសាទរជាខ្លាំងលើបណ្ដាញសង្គម ព្រោះដោយសារកាលពី ១០ ឆ្នាំមុន Drogba ធ្លាប់បដិសេធមិនថតរូបជាមួយ Mbappe ប៉ុន្តែ ១០ ឆ្នាំក្រោយគ្រប់យ៉ាងបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេសគឺតម្លៃខ្លួនថ្លៃបំផុតរបស់កីឡាករវ័យក្មេងរូបនេះផ្ទាល់តែម្តង។

ក្រឡេកទៅមើលស្មាតហ្វូនដែល Drogba កាន់ប្រើប្រាស់នោះ គឺពុំមែនជា iPhone ស៊េរីចុងក្រោយ iPhone 11 Pro ឬ 11 Pro Max អ្វីនោះទេ ផ្ទុយទៅវិញអតីតខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័រកាន់ត្រឹម iPhone ស៊េរីចាស់ ដែលអ្នកខ្លះថាជា iPhone 6s ឬអាចជា iPhone 7 ឬ iPhone 8 ព្រោះយើងឃើញត្រឹមផ្នែកអេក្រង់មុខ ដែលមានអេក្រង់តូចផ្ទៃមិនឆក ពោលពុំមែនជា iPhone សេរ៊ីឆ្នាំ ២០១៧ ឡើងនោះទេ៕ប្រភព៖Sabay
