ភ្នំពេញ៖ ការប្រកួតជម្រុះ ដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” រដូវកាលទី១ទម្ងន់៦៧គីឡូក្រាម នៅសង្វៀនSEATV នាយប់ថ្ងៃអាទិត្យទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជា នី សុភី ក្លិបសាលវ័ន្តកីឡា ប៉ះអ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបចចកងពលតូច ទ័ពឆ័ត្រយោង៩១១ ខណអ្នកប្រដាល់ថៃ Chhuok Chhai ជួបអ្នកប្រដាល់ Phat Oubunនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា Chhuok Chhai ធ្លាប់វាយឈ្នះអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាច្រើននាក់ និងជាអ្នកប្រដាល់ចាស់ ធ្លាប់មកប្រកួតនៅស្រុ កខ្មែរច្រើនលើក ព្រមទាំងមានស្នៀតប្រដាល់ល្អ តែការវាយចេញចូលរាងយឺត ។ Phat Oubun មានស្នៀតវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន។ អាចនិយាយបានថា Phat Oubun ជាអ្នកប្រដាល់មួយរូប ដែលមិនស្រួលបង្ក្រាបនោះទេ។
ចំពោះអ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបចចកងពលតូចទ័ពឆ័ត្រយោង៩១១ និងអ្នកប្រដាល់ នី សុភី ។ នី សុភីមួយរយៈចុងក្រោយនេះហាក់ដូចជា ជួបសំណាងល្អច្រើនក្នុងការជួបប្រកួតជាមួយថៃ ដោយវាយឈ្នះថៃប៉ុន្មាននាក់ផ្ទួនៗគ្នា។ លើកនេះនី សុភី ត្រូវជួបជើងខ្លាំងលើស គូប្រកួតលើកមុនទៅទៀត។
ដូច្នេះ វង្ស វិឆ័យ មិនអាចមើលស្រាលគេបានទេ តែយ៉ាងណានី សុភីក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ព្រោះវង្ស វិឆ័យ ក៏មានស្នៀតវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿនមិនចាញ់ នី សុភីទេ។
វិឆ័យមួយរយៈចុងក្រោយនេះ មានការរីកចម្រើននិងជឿនលឿនច្រើន ហើយក៏ទើបឈ្នះមេដាយមាសថ្មីៗនេះ។ វិឆ័យ របៀបវាយរបស់គេ កាន់តែល្អ និង រហ័សជាងមុន ហើយកម្លាំងកាយសម្បទានិង ទឹកចិត្តរបស់គេគឺខ្លាំងជានិច្ច៕
ដោយ៖ លី ភីលីព