LAUSANNE៖ ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ មិនឲ្យចូលរួមប្រកួតកីឡាអូឡាំពិក និងជើងឯកពិភពលោក ដ៏ធំមួយផ្សេងទៀត បន្ទាប់ពីមន្រ្តីកីឡាបានសម្រេចដាក់ទណ្ឌកម្ម ពីបទរំខានដល់ទិន្នន័យមន្ទីរពិសោធន៍ ដែលទាក់ទងនឹងសារធាតុហាមឃាត់ ក្នុងកីឡាយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
សេចក្តីសម្រេចរបស់ទីភ្នាក់ងារ ប្រឆាំងសារធាតុហាមឃាត់ ក្នុងកីឡាពិភពលោក (WADA) បានដាក់បម្រាមរយៈពេល ៤ ឆ្នាំលើប្រទេសរុស្ស៊ី ក្នុងការចូលរួមប្រកួតកីឡាលំដាប់កំពូល នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅតូក្យូឆ្នាំ ២០២០ អូឡាំពិករដូវរងារទីប៉េកាំងឆ្នាំ ២០២២ និងបាល់ទាត់ពានរង្វាន់ពិភពលោក ២០២២។
គណៈកម្មាធិការប្រតិបត្តិរបស់ WADA បានធ្វើការសម្រេចចិត្ត បន្ទាប់ពីបានសន្និដ្ឋានថា ទីក្រុងមូស្គូបានធ្វើឲ្យរំខានដល់ទិន្នន័យមន្ទីរពិសោធន៍ដោយដាក់ភស្តុតាងក្លែងក្លាយ និងលុបឯកសារជាប់ទាក់ទង នឹងការធ្វើតេស្តសារធាតុញៀនវិជ្ជមាន ដែលអាចជួយកំណត់អត្តសញ្ញាណ ការលួចប្រើសារធាតុហាមឃាត់ក្នុងកីឡាពិភពលោក។ អ្នកនាំពាក្យរបស់ WADA បាននិយាយថា ការសម្រេចចិត្តដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី ជាមួយនឹងការហាមឃាត់នេះគឺជាឯកច្ឆ័ន្ច។
ប្រទេសរុស្ស៊ីបានព្យាយាមបង្ហាញខ្លួន ជាមហាអំណាចកីឡាពិភពលោក ត្រូវបានគេលាក់ខ្លួន នៅក្នុងរឿងអាស្រូវសារធាតុហាមឃាត់ ក្នុងកីឡា ចាប់តាំងពីរបាយការណ៍ឆ្នាំ ២០១៥ ទទួលបន្ទុកដោយទីភ្នាក់ងារ ប្រឆាំងសារធាតុហាមឃាត់ ក្នុងកីឡាពិភពលោក (WADA) បានរកឃើញភ័ស្តុតាង នៃការជក់សារធាតុហាមឃាត់ ក្នុងកីឡាលើអត្តពលកម្មរុស្ស៊ី៕ ដោយ៖លី ភីលីព