ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាកម្ពុជា ត្រៀមខ្លួនជាស្រេចសម្រាប់ស្វាគមន៍ក្រុមវ៉ូវីណាមចំនួន២៣ប្រទេសទៀត ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាមជើងឯក ពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនៅកម្ពុជា។

លោក អ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្រសាសន៍ថា កម្ពុជាបានត្រៀមខ្លួនរួចហើយក្នុងនាមម្ចាស់ផ្ទះ ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ដោយសារតែការប្រកួតជើងឯកពិភពលោក នៅប្រទេសឥណ្ឌាយើងទទួលបានលទ្ធផលល្អ ហើយពេលនេះក៏យើងសង្ឈឹមទទួលលទ្ធផលល្អដែរ។ ការប្រកួតយើងផ្តោតសំខាន់កត្តាសក្តានុពលខ្លាំងរបស់កម្ពុជា ហើយកម្ពុជាធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ចំនួនពីរលើករួចមកហើយ។

ទន្ទឹមនេះបណ្តាប្រទេសនានា លើពិភពលោកជាង៤០ប្រទេស ដែលជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធពិភពលោកមានឆន្ទៈចង់ស្គាល់ ចង់ឃើញពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជាដែលល្បីល្បាញ ពីសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ជាពិសេសគឺប្រាសាទអង្គរវត្តតែម្តង ដោយបណ្តាប្រទេសនានាសន្យាថា ក្រោយបញ្ចប់ការប្រកួតពួកគេចង់ដើរកម្សាន្តផងដែរ។

លោបានបន្តថា ការប្រកួតយើងមានឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍វិស័យ កីឡាឱ្យកាន់តែរីកចម្រើន ព្រមជាមួយនឹងឱ្យសហព័ន្ធវ៉ូវីណាមពិភពលោកបានទទួលស្គាល់ នូវអាជ្ញាកណ្តាល ចៅក្រមកម្ពុជាគឺជាមន្ត្រីកម្រិតអន្តរជាតិផងដែរ។ ជាមួយគ្នានោះ យើង កំពុងរួមគ្នាកសាងនូវបន្ថែមនូវកិត្តិយស កិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ តាមរយៈការ រៀបចំព្រឹត្តិការណ៍ពិភពលោក និងបន្ថែមនូវការផ្សព្វផ្សាយនូវប្រពៃណី វប្បធម៌ ទេសចរណ៍ ជូនមិត្តអន្តរជាតិទៀតផង។

លោកបន្ថែមថា ព្រឹត្តិការណ៍នេះ ក៏នឹងជួយតម្រង់ទិសទាំងការរៀបចំ ទាំងការបង្កើនគុណភាពរបស់អត្តពលិកកម្ពុជាជាមួយនឹងប្រភេទកីឡាទាំងអស់ ដែលរាជរដ្ឋា ភិបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិបានត្រៀមលក្ខណៈឆ្ពោះទៅដណ្តើមភាពជោគជ័យរួមគ្នាក្នុងស៊ីហ្គេម នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕ដោយ៖លី ភីលីព


