ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង៨ជាតិសាសន៍ មានឥណ្ឌា អ៊ីរ៉ង់ ម៉ូរីទីស បារាំង អូស្រ្តាលី ចិន ថៃឡង់ដ៏ និងកម្ពុជាណាត់ជួបគ្នា អង្រួនសង្វៀនប្រដាល់នៅបុណ្យសមុទ្រ លើកទី៨ជុំទី២នៅខេត្តកំពតកាន់ធ្វើឲ្យពិធីមានប្រជាប្រិយខ្លាំងឡើងៗ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២០-២១ និង២២ខែធ្នូឆ្នាំ២០១៩នេះ ។
ការជួបជុំនៃអ្នកប្រដាល់ទាំង៨ជាតិសាសន៍នេះ នៅក្នុងការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិរយៈពេល៣ថ្ងៃនៅបុណ្យសមុទ្រនេះ មានចំនួន១៩គូ ដែលក្នុងថ្ងៃទី១ប្រកួតចំនួន៦គូ ថ្ងៃទី២ប្រកួតចំនួន៧គូ និងថ្ងៃទី៣ថ្ងៃបង្ហើយប្រកួតចំនួន៦គូ ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរបានមានប្រសាសន៍ថា មន្ត្រីបច្ចេកទេស មន្រ្តីបម្រើការផ្សេងៗ និងកីឡាករប្រដាល់ទាំងអស់ នៅក្នុងការប្រកួតដ៏ធំបែបនេះ ត្រូវតែបង្ហាញសមត្ថភាព អត្តចរឹក ក្រមសីលធម៌ ពិសេសអាជ្ញាកណ្តាល ចៅក្រម ត្រូវត្រៀមខ្លួនអោយបានល្អ ក្នុងការកាត់សេចក្តីត្រូវតែឈរលើតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ ហើយត្រូវបែងចែកឲ្យបានច្បាស់លាស់រវាងគូមិត្តភាព និងគូដណ្តើមពានរង្វាន់ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បាន មានប្រសាសន៍ថា នេះជាលើកទី៣ហើយដែលបង្កើតអោយមានការប្រកួត ប្រដាល់គុន ខ្មែ រអន្តរជាតិ ដែលលើកទី១ យើងបានរៀបចំនៅពហុកីឡដ្ឋានជាតិ លើកទី២នៅក្នុងពហុកី ឡដ្ឋានជាតិមរតកតេជោក្នុងពិធីសម្ពោធន៍វិមានឈ្នះឈ្នះ កាលពីបំណាច់ឆ្នាំ២០១៨ កន្លង មកនោះ ។
លោកអគ្គលេខធិការNOCC បានបញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍នេះឡើង គឺដើម្បីរក្សាស្ថេរភាពនៅក្នុងសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅការរៀបចំស៊ីហ្គេមទេ ។
ជាមួយនេះ គឺដើម្បីបំផុសចលនាអោយមានការផ្សព្វផ្សាយ ទៅក្រៅប្រទេស ក្នុងន័យនេះ លោកបញ្ជាក់ថា នៅពេលដែលយើងបង្កើតគុនខ្មែរអន្តរជាតិនៅក្រៅប្រទេសបាន បំផុសចលនាក្រៅប្រទេសបាន នោះគុនខ្មែរថ្នាក់ជាតិរបស់យើ ងកាន់តែមានគុណតម្លៃខ្ពស់ ។ដូច្នេះហើយទើបយើងខិតខំប្រឹងប្រែងបង្កើតគុនខ្មែរអន្តជាតិ ដើម្បីពង្រីកសក្តានុពលលើឆាកអន្តរជាតិ ហើយផ្នែកជាតិខិតខំលើផ្នែកជាតិ ។
លោកបន្ថែមទៀតថា នៅក្នុងបុណ្យសមុទ្រមានព្រឹត្តិការណ៍ធំៗ៣ ទី១គឺការតាំងពិព័រណ៌ផលិតផលម្ហូបអាហារនិងលក់ដូរផ្សេងៗ ទី២គឺសកម្មភាពកីឡាដែលលេងពីព្រលឹមដល់ព្រលប់ ។សកម្មភាពកីឡាមានច្រើន ក្នុងនោះមានប្រកួតជាលក្ខណះអន្តរជាតិមានពីរប្រភេទកីឡា គឺគុនខ្មែរនិងម៉ូតូទឹក ។ក្រៅពីហ្នឹងគ្រាន់តែជាប្រភេទកីឡាកម្សាន្ត ប្រពៃណី មានរត់ប្រណាំង៣ គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ជិះកង់កំសាន្ត១០ គ.ម ២០គ.ម អុកចត្រង្គប្រកួតយកជើងឯក ហើយក៏មានការប្រកួតស្វែងរកបុរសខ្លាំង និយាយរួមការរៀបចំកីឡាទាំងអស់នេះ គឺក្នុងបំណងបង្កការសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតនេះ ។
លោក ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុនិងទូរទស្សន៍អប្សរា បានបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួតប្រដាល់គុនខ្មែរអន្តរជាតិនៅបុណ្យសមុទ្រនេះ នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍អប្សរាប៉ុស្តិលេខ១១ ផងដែរក្នុងនាមជាដៃគូសហការអប្សរានឹងរៀបចំកម្មវិធីអមជាច្រើន ដើម្បីអោយសក្តិសមទៅនឹងព្រឹត្តិការណ៍ប្រដាល់ដ៏ធំដណ្តើមខ្សែក្រវាត់ពិភពលោកនេះ ។ លោកថា អប្សរានឹងផ្សាយផ្ទាល់ពីកម្មវិធីប្រដាល់នេះរយៈពេលបីថ្ងៃតាមកញ្ចក់ទូរទស្សន៍ និងតាមអនឡាញ ដែលថ្ងៃទី១ចាប់ផ្សាយពីម៉ោង៧យប់ ថ្ងៃទី២ផ្សាយពីម៉ោង៨យប់ និងថ្ងៃទី៣ផ្សាយម៉ោង៧យប់ ៕ដោយ៖លី ភីលីព