ភ្នំពេញ៖ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវីគ្រងតំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ ជើងឯកវិទ្យាល័យ (High School League) លើកទី១ឆ្នាំ ២០១៩ ក្រោយពីយកឈ្នះលើកក្រុមបាល់ទាត់ឬស្សីកែវនៅជុំវិញចុងក្រោយក្នុងលទ្ធផល២ទល់១នាយប់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ របស់ក្លឹបបាល់ទាត់បឹងកេត។
ក្នុងពិធីបិទការប្រកួតពានរង្វាន់ ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ ២០១៩ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានប្រារព្ធឡើង នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េរបស់ក្លឹបបាល់ទាត់បឹងកេត។

ក្នុងពិធីនេះ លោក ហ៊ុន ម៉ានី បានសម្តែងនូវការអបអរសាទរដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួមប្រកួត ជាពិសេសក្រុមដែលបានឈានមកដល់វគ្គផ្តាច់ព្រាត់នេះ។ ជាងនេះទៅទៀត លោកក៏សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដាក់អាទិភាពក្នុងការខិតខំប្រឹងប្រែងសិក្សាអោយកាន់តែសកម្ម និងឆ្លៀតពេលពីការសិក្សាហាត់លេងកីឡា ដើម្បីសុខភាពរឹងមាំ ទាំងផ្លូវកាយ និងស្មារតី និងដើម្បីកសាងភាតរភាព និងមិត្តភាពរវាងគ្នា និងគ្នាបន្ថែមទៀត។

ចំពោះក្រុមជើងឯកទទួលបានទឹកប្រាក់៦០លានម៉ឺនរៀល ក្រុមជើងឯករងទទួលបានទឹកប្រាក់៤០លានម៉ឺនរៀល ក្រុមជើងឯកទទួលបានចំណាត់ថ្នាក់លេខ៣ទឹកប្រាក់២០លានម៉ឺនរៀល ចំណែកក្រុមបាល់ទាត់លេងល្អជាងគេ កីឡាករស៊ុតបញ្ជូនទីច្រើនជាងគេ កីឡាករល្អជាងគេ អ្នកចាំទីល្អ គ្រូបង្វឹកល្អជាងគេ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានទឹកប្រាក់២លានម៉ឺនរៀល។

សូមជម្រាបផងដែរថា កម្មវិធីជើងឯកវិទ្យាល័យ (High School League) គឺជាការសហការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្លឹបបាល់ទាត់បឹងកេត។ដោយ៖លី ភីលីព
