ភ្នំពេញ៖ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិឆ្នាំ២០១៩ និង ពានរង្វាន់ ឯកឧត្ដមថោង ខុន ប្រធានសហព័ន្ធកីឡាសម្ព័ន្ធ បានចាប់ផ្ដើមបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី២១ធ្នូ ឆ្នាំ២០១៩ នេះ ហើយតាមកម្មវិធីគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ធ្នូខាងមុខ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា ការប្រកួតមានរាជធានី ខេត្តចំនួន៤ គឺកំពង់ឆ្នាំង តាកែវ ក្រចេះ និង រាជធានីភ្នំពេញបានបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនមកចូលរួមប្រកួត។ កីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតមានចំនួន៦៤រូប គឺប្រហាក់ប្រហែលនឹងឆ្នាំកន្លងមកដែរក្នុងនោះកីឡាការិនី២៦នាក់ និងកីឡាករ៣៨នាក់។
សម្រាប់កីឡាកាយសម្ព័ន្ធមាន២ប្រភេទ គឺ កាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic Gymnastic) និងការសម្ព័ន្ធអារទីស្ទិក(AstisticGymnastic)។ ក្នុងមួយប្រភេទបែងចែកជាវិញ្ញាសាបន្ថែមទៀត។

លោកណយ ផាណា បន្តថា ប្រសិនបើបើកទូលាយនោះ នឹងមានអ្នកចូលរួមច្រើនតែដោយសារថវិកាមានកម្រិតនោះទើបសហព័ន្ធកម្រិតយកចំនួនប៉ុណ្ណេះ។ លោកថោង ខុន ដែលជាប្រមុខអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធបានឧបត្ថម្ភថវិកាជាច្រើនសម្រាប់បន្ថែមលើប្រាក់រង្វាន់ដល់ជ័យលាភី៕ដោយ៖លី ភីលីព
