កីឡា

បើកការប្រកួតជើងឯកថ្នាក់ជាតិ “ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ចាប់ផ្តើមនា ល្ងាចនៅខេត្តកំពង់ចាម

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ”ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ ចាប់ផ្តើមបើការប្រកួតជាផ្លូវការនាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់អោយដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ”ពានរង្វាន់តេជោសែន”  លើកទី៥ ឆ្នាំ២០១៩នេះ នៅថ្ងៃទី២០ធ្នូខាងមុខនេះ  មានពីរប្រភេទវិញ្ញាសាកីឡា គឺប្រភេទវិញ្ញាសាកីឡាហែលទឹកកម្រិតអាយុ (ហែលទឹកធម្មតា) អ្នកដែលអាចចូលរួមបាន ១ផ្នែកបុរស កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។២ផ្នែកនារី កីឡាការិនីត្រូវមានអាយុចាប់ពី១០ឆ្នាំឡើងទៅ និង៣ផ្នែកជនពិការ កីឡាករត្រូវគិតចាប់ពីS3 – s10 ។

សម្រាប់កីឡាមួយប្រភេទទៀតនោះ  គឺការប្រកួតប្រភេទវិញ្ញាសាបាល់ទឹក(Water Polo) ដែលមានពីរក្រុមចូលរួម គឺក្រុមរាជធានីភ្នំពេញ ប្រកួតជាមួយ ក្រុមខេត្តកំពង់ចាម ។នេះបើតាមលោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក អោយដឹង ។ 

គួរបញ្ជាក់ថា  សម្រាប់កីឡាបាល់ទឹក(Water Polo)នេះ ជាសមិទ្ធផលថ្មីមួយរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលខិតខំបង្កើតអោយមាន  ។ ទោះបីប្រភេទវិញ្ញាសានេះ ត្រូវបានបណ្តាប្រទេសលើពិភពលោកលេងជាយូរមកហើយក្តី  តែវាជាប្រភេទវិញ្ញាសាថ្មីសម្រាប់កម្ពុជា ។ 

កីឡាបាល់ទឹក ជាប្រភេទកីឡាអូឡាំពិក ដែលគេលេងក្នុងអាងទឹកមានជម្រៅជាង២ម៉ែត្រ ដោយក្រុមនីមួយៗមានគ្នា១០រូប លេងលើទីលាន៧រូប និងបម្រុង៣រូប ។ សម្រាប់ការលេងចែកចេញជា៤វគ្គ ដោយ១វគ្គ មាន៨នាទី បើក្រុមណាអាចស៊ុតបាល់ចូលបានច្រើនជាងគេ គឺក្រុមនោះជាអ្នកឈ្នះ ហើយក្នុងអំឡុងពេលលេងក្រុមនីមួយៗអាចដោះដូរកីឡាករបានដោយសេរី៕

ដោយ៖លី ភីលីព

Most Popular

To Top