អតីតខ្សែប្រយុទ្ធ Manchester United និងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កីឡាករ Diego Forlan នៅថ្ងៃសៅរ៍នេះ ត្រូវបានតែងតាំងជាគ្រូបង្វឹក នៃក្លិបដែលខ្លួនធ្លាប់លេង កាលពីនៅក្មេងៗ ដែលមានឈ្មោះថា Penarol។
កីឡាករវ័យ ៤០ ឆ្នាំរូបនេះ នឹងត្រូវចូលមកជំនួស លោក Diego Lopez ដែលកិច្ចសន្យារបស់គាត់ ត្រូវបានផុតកំណត់ បន្ទាប់ពីបញ្ចប់រដូវកាល នៅក្នុងលីកយុវជន របស់អ៊ុយរូហ្គាយ កាលពីចុងសប្តាហ៍កន្លងទៅ។
គួរឲ្យដឹងដែរថាក្លឹប Penarol បានប្រកាស លើបណ្តាញសង្គមថា Penarol បានស្វាគមន៍លោក Diego Forlan ក្នុងនាមជាគ្រូបង្វឹកក្រុមថ្មី ចាប់ពីថ្ងៃនេះតទៅ។ Forlan ដែលបានលេងឲ្យជម្រើស ជាតិ១១២ដង បានចូលនិវត្តន៍ ពីបាល់ទាត់កាលពីខែសីហា បន្ទាប់ពីអាជីពរបស់គេ បានបន្តអស់រយៈពេល ជាងពីរទសវត្ស៕
ប្រែសម្រួល:ស៊ុនលី