ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ប៊ុន ហូ សុក ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោក បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡា តុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិ២០១៩ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក លោក ចំរើន ចាន់ផល អគ្គលេខាធិការនៃសហព័ន្ធបាននិយាយថា សហពន្ធ័កីឡាតុងហ្គីលម៉ូដូកម្ពុជា កំពុងដំណើរការនៅក្នុង អាណត្តិទី៣ ឆ្នាំ២០១៨-២០២២ បាននឹងកំពុងតែអនុវត្តនូវដំណើរការហ្វឹកហាត់ ការបំពេញ នូវបេសសកម្មជាច្រើនដែលចូលរួមបម្រើដល់ផលប្រយោជន៍សង្គមជាតិ និង បណ្តុះបណ្តាល នូវស្មាតី ឆន្ទៈដល់យុវជនយុវនារី ។
លោកបានបន្តថា យើងមានមុខងារ និងបំពេញបេសកកម្មក្នុងការបម្រើ លើកកម្ពស់វិស័យកីឡា ការចូលរួមផ្សព្វផ្សាយនូវសារសំខាន់នៃវិស័យកីឡា និងការរួមចំណែកក្នុងការអប់រំចរឹតលក្ខណៈល្អដល់យុវជន យុវនារី ដោយផ្អែកលើទស្សនៈនៃ ការរស់នៅសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។
សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបានរៀបចំការប្រកួត កីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ នាថ្ងៃទី១៩ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ដែលមានក្លិបចំនួន៩ ចូលរួម និងកីឡាករ-កីឡាការិនី ចំនួនជិត១០០នាក់ ក្រោមការជួយគាំទ្រ និងឧបត្ថមពីក្រសួងអប់រំយុវជន និងកីឡា។
ចំពោះចូលរួមមានក្លិបតុងហ្គីលម៉ូដូ បាក់ទូក ក្លិបតុងហ្គីលម៉ូដូ អូរឡាំពិក ក្លិបតុងហ្គីលម៉ូដូ នរោត្តម . សាលាបញ្ញាសាស្ត្រអន្តរជាតិ បឹងកេងកង សាលាវេស្ទើនអន្តរជាតិ អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ (ALC) ក្លិបតុងហ្គីលម៉ូដូនាគរាជចតុមុខ និងក្លិបតុងហ្គីលម៉ូដូរោត្តម៕ដោយ៖លី ភីលីព