ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំ របាយការណ៍វឌ្ឍនភាពការងារ ប្រចាំរបស់សហព័ន្ធកីឡាជាតិ និងការត្រៀមលក្ខណៈការប្រកួតកីឡាជាតិ លើកទី៣២០២០ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនជាតិ។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សហព័ន្ធកីឡាជាតិទាំង៣០ត្រូវត្រៀមខ្លួនសម្រាប់ចូលរួមការប្រកួតកីឡាជាតិ “National Games 2020” លើកទី៣ ឆ្នាំ២០២០ ។ ការប្រកួតកីឡាជាតិលើកទី២មានរហូតដល់២៧ប្រភេទកីឡា ដូច្នេះក្រុមគណៈកម្មការត្រូវជ្រើសរើសយកទីលានចំនួន៤ខេត្ត-រាជធានីរៀបចំធ្វើ គឺរាជធានីភ្នំពេញ ខេត្តកែប កំពត និង ខេត្តកំពង់ធំ ។
ចំពោះកីឡាទាំង២៧ប្រភេទត្រូវដាក់ប្រកួត រួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ, តេក្វាន់ដូ I.T.F របស់កូរ៉េខាងជើង, ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំង កង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចថែម ៣ប្រភេទកីឡាទៀត គឺម៉ូតូទឹក អុក និងកីឡាជិះសេះ។
លោកបានបន្តទៀតថា នឹងប្រព្រឹត្តចាប់ពីថ្ងៃទី ២៥ ខែឧសភា រហូតដល់ថ្ងៃទី៥ ខែមិថុនា ខាងមុខ ។ ក្នុងរយៈពេល១២ ថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ ដ៏ធំ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមថវិការដ្ឋចំនួន៦.០០០លានរៀលកើនឡើងទ្វេដងបើធៀបនឹងការរៀបចំលើកទី១កាលពីឆ្នាំ២០១៦ ដើម្បីចំណាយលើការរៀបចំផ្សេងៗ តែមិនបូកការចំណាយលើការរៀបចំពិធីបើក និងពិធីបិទ ដែលរ៉ាប់រងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឡើយ។
ដោយសារប្រភេទកី ឡាត្រូវបានបង្កើនឡើងពី ១៥ ប្រភេទទៅ២៧ប្រភេទស្មើនឹង២៧២វិញ្ញាសា ខណៈប្រតិភូ គ្រូ និងអត្តពលិក គឺបានកើនឡើងពីជិត ២.០០០នាក់ ដល់ប្រមាណ ៥.០០០នាក់ ឯណោះ៕ដោយ៖លី ភីលីព