ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែរTV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ អ្នកប្រដាល់២រូបទៀតហើយដែលបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ហើយក៏មាន២រូបទៀតដែរដែលខ្ទាតចេញពីការប្រកួតលើសង្វៀន TV5ព្រែកកំពឹស។

ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងបានបន្តបេសកកម្មទៅប្រកួតជម្រុះជុំទី២ទៀតបន្ទាប់ពីប្រកួតឈ្នះអ្នកប្រដាល់មាសសារ៉ាក់ក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះ ដោយអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាយ៉ាងតឹងតែងជាទីបំផុត ។
នៅទឹកទី៣ម៉ូរ៉ាក់បានបង្ហាញពីសមត្ថភាពកាន់តែខ្លាំងពិសេសកណ្ដាប់ដៃរបស់គេបញ្ចេញចំគោលដៅយ៉ាងល្អ បន្ទាប់ពីបញ្ចប់ទឹកទី៣ម៉ូរ៉ាក់បានជ័យជំនះដោយពិន្ទុប៉ុណ្ណោះ ។

ការប្រកួត វេង សុភ័ក្ត្រ ក្លិបទ័ពឆ័ត្រយោង៩១១ផ្ដួលអ្នកប្រដាល់ភុន សោភ័ណ្ឌក្លិបនាគរាជគុនខ្មែរបាននៅមុនស្នូរជួងបញ្ចប់ទឹកទី១ ។ សោភ័ណ្ឌហាលអាវត្រឹមនេះក្នុងខណៈដែលវេង សុភ័ក្រ្តប្រជែងបានកៅអីដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី២ទៀត ៕ដោយ៖លី ភីលីព
