ភ្នំពេញ៖ក្លិបបាល់ទាត់បឹងកេតបានធ្វើការប្រកាសបង្ហាញសមាសភាពគ្រូបង្វឹក និងកីឡាករថ្មី៤រូបជាផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីត្រៀមចូលរួមដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា និងជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០ បន្ទាប់ពីក្រុមបានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០១៩ធ្វើឡើងនៅកីឡដ្ឋានខេមបូឌានអ៊ែរវ៉េ របស់ក្លិបបឹងកេតផ្ទាល់។
លោកស្រី ពុធ ធីតា ប្រធានក្លិបបានមានប្រសាសន៍ថា លោកស្រីនឹងក្ដីសោមនស្សរីករាយចំពោះវត្តមាន លោក Apisit Im Amphai រួមទាំងកីឡាករវ័យក្មេង ៤រូបទៀតមកពីសាលាបាល់ទាត់ជាតិបាទី រួមមានអ្នកចាំទី ថា ច័ន្ទឫទ្ធី ខ្សែការពារ សៅ វ៉ៃហ្វី ខ្សែការពារ ជុង មករា និងខ្សែប្រយុទ្ធ សៀង ចន្ធា។ អ្នកស្រី ពុធ ធីតា បានបង្ហើបថា ការនាំចូលកីឡាករវ័យក្មេងកាន់តែច្រើននាពេលថ្មីៗ ព្រោះចង់អភិវឌ្ឍធនធានយុវជន ហើយថា ប្រសិនបើកូនក្រុមក្នុងស្រុកកើនសមត្ថភាពកាន់តែល្អនៅពេលអនាគត នោះក្លិបនឹងពិចារណាបន្ថយកូតាបរទេស។
លោក Apisit Im Amphai បាននិយាយថា សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លិបដែលបានផ្ដល់ឱកាសដល់លោក ដ្បិតលោកខានមកកម្ពុជា ជាយូរឆ្នាំមកហើយប៉ុន្តែ លោកពិតជាភ្ញាក់ផ្អើលឃើញបាល់ទាត់កម្ពុជា មានការរីកចម្រើន ស្របពេលដែលបឹងកេត ក៏ជាក្រុមមួយល្អហើយមានការប្រកួតប្រជែងខ្លាំងផងដែរ ហើយលោកនឹងព្យាយាមនាំក្រុមធ្វើឲ្យបានល្អជាងមុន ពោលគឺអាចក្លាយជាក្រុមជើងឯក៕ដោយ៖លី ភីលីព