ភ្នំពេញ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា និងលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាតំណាងលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡានារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០បានអញ្ជើញចូលរួមពិធី បើកព្រឹត្តិការណ៍ ប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០១៩ និងអបអរសាទរទិវាជ័យជម្នះ ៧ មករាខួបលើកទី៤១ នៅសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនឃ្លីលើតុបានបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះ មានក្លិប-សមាគមចូលរួមចំនួន ១៣ ដែលមានកីឡាករ-កីឡាការិនី ៧៩នាក់ ក្នុងនោះក្រុមកីឡាករក ១ ចំនួន៤២នាក់ ក្រុមយុវជនក២២៥នាក់ និងកីឡាការិនី១១នាក់ ។
ក្លិបទំាង១៣រួមមានក្លិបក្រសួងមហាផ្ទៃ ក្លិបរដ្ឋសភាសែនជ័យ ក្លិបសាន់នីព្រីងធីង ក្លិបសន្ធរម៉ុកថ្មី ក្លិបដើមមៀន ក្លិបខេត្តព្រះសីហនុ ក្លិបអេលីហ្សា ក្លិបខេត្តកំពត ក្លិបស៊ីធីស្ពត ក្លិបAIS ក្លិបអ៊ីនធើស្ពៃឌីហ្សាញ់ ក្លិប All Star និងក្លិបមិត្តសម្លាញ់។
លោកព្រឹត្តិការណ៍ ប្រកួតជើងឯកថ្នាក់ជាតិ កីឡាវាយកូនឃ្លីលើតុ ប្រចាំឆ្នាំ ២០១៩ និង អបអរសាទរទិវាជ័យជម្នះ ៧ មករា ខួបលើកទី៤១ (៧មករា១៩៧៩-៧មករា២០២០) នៅថ្ងៃទី២មករាខាងមុខនេះ មានវិញ្ញាសាប្រកួតចំនួន ៤ គឺវិញ្ញាសាក្រុមបុរសក្របខណ្ឌ ក១ វិញ្ញាសាវាយគូបុរសក្របខណ្ឌក១-ក២ វិញ្ញាសាឯកត្តជនបុរសក្របខណ្ឌក ១-ក ២ និង វិញ្ញាសាឯកត្តជននារី ក្របខណ្ឌក១-ក២ ៕ ដោយ៖លី ភីលីព