កីឡា

ស្ថានីយទូរទស្សន៍ SEATV ប្រកាសបើកការប្រកួតប្រដាល់ គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) រារៀងល់យប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ SEATV បានសហការជាមួយសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០ ប្រកាសសន្និសីទ សារព័ត៌មានជាផ្លូវការ ស្តីពីការប្រកួតកីឡា ប្រដាល់គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) នៅលើសង្វៀន S EATV ដែលប្រព្រឹត្តចាប់យប់ថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ ២០២០ តទៅ។

ក្នុងឱកាសប្រកាសបើកជាផ្លូវការនេះ ដោយមានការអញ្ជើញចូលរួម ក្រោមអធិបតីភាព លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកយិន ខេមរា នាយកទីផ្សារនិងទំនាក់ទំនង សាធារណៈប្រចាំអាស៊ីអាគ្នេយ៍ និងលោក នាង វាសនា តំណាងក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងរេដអាន ។

កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ ដែលមានឈ្មោះថា “អធិរាជកម្លាំងអេដអាន” នឹងបើកការប្រកួតលើសង្វៀនថ្មី របស់អាស៊ីអាគ្នេយ៍នៅពេលព្រលប់ថ្ងៃអាទិត្យ ដោយចាប់ផ្តើមប្រកួត ជាលក្ខណៈមិត្តភាពអន្តរជាតិ និង មិត្តភាពរវាងខ្មែរនិងខ្មែរផងដែរ ។ សង្វៀនពេលព្រលប់ថ្ងៃអាទិត្យ នៅអាស៊ីអាគ្នេយ៍នេះ កាលមិនទាន់បញ្ចប់នោះ ជាកម្មវិធីប្រដាល់ ដែលមានឈ្មោះ”ជើងឯកអ្នកប្រយុទ្ធ កំពូលថាមពលឆេមពាន” តែបើកលើកនេះត្រូវបានប្រសិទ្ធនាមថ្មី “អធិរាជកម្លាំងអេដអាន” ។

លោកយិន ខេមរា នាយកទីផ្សារនិងទំនាក់ទំនង សាធារណៈប្រចាំអាស៊ីអាគ្នេយ៍ បានអោយដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៣មករានេះថា កម្មវិធីប្រដាល់ “អធិរាជកម្លាំងអេដអាន” ជាដំណាក់ៗបន្តបន្ទាប់ទៀតនោះ នឹងបើកការប្រកួតដណ្តើមខ្សែក្រវាត់ តែសម្រាប់ការបើកឆាក ដំបូងនេះ គឺជាការប្រកួតលក្ខណៈមិត្តភាព អន្តរជាតិ រវាងកីឡាករខ្មែរ និង កីឡាករថៃប៉ុណ្ណោះ ។

លោក នាង វាសនា តំណាងក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងរេដអាន បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងរេដអាន ជួយឧបត្ថម្ភលើកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិនៅអាស៊ីអាគ្នេយ៍នេះ ដោយសារបានកត់សម្គាល់ឃើញថា វិស័យកីឡាប្រដាល់នាពេលបច្ចុប្បន្ននេះ មានការរីកចំរើនច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ។ មួយទៀត លោកក៏ចង់អោយកីឡាករប្រដាល់ បានចូលរួមក្នុងការប្រកួត បានច្រើនផងដែរ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានក្រើនរំលឹកផ្តាំផ្ញើដល់គណៈកម្មការបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ត្រូវតែបំពេញការងារឲ្យបានល្អ ដោយឈរលើគោលការណ៍ច្បាប់ បទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការងារកាត់ក្តី មានភាព ត្រឹមត្រូវ សុក្រឹត យុត្តិធម៌ចៀសវាង កើតមានបាតុភាពមិនប្រក្រតី ដូចជាពេលកន្លងមក ។ ហើយលោកក៏បានផ្តាំផ្ញើ ដល់មន្រ្តីបច្ចេកទេសផងដែរ ត្រូវតែមានសមត្ថភាព និងមានឆន្ទៈធ្វើការងារ៕

Most Popular

To Top