ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង ស្រករក្រោយកម្ពុជា រិទ្ធ ភូលូ ក្លិបអាណាចក្រគុនខ្មែរ ជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Cheik Sayam ដោយប្រកួតគ្នាក្នុងទម្ងន់ ៦៣,៥០ គ.ក្រ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ ២០២០ នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV។
លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATV បានប្រាប់ឲ្យដឹងថា រិទ្ធ ភូលូ ជាអ្នកប្រដាល់ ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់ ធ្លាប់ការប្រកួតជាមួយអ្នកប្រដាល់ថៃ និងឡាវជាច្រើនលើកមកហើយ។ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ ព្រមទាំងប្រកួត៦៩លើក ឈ្នះ៤៦លើក ចាញ់១៩លើក និង ស្មើ០៤លើក ហើយធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន១៨លើក។
ចំណែក Cheik Sayam ក៏មិនអន់ដែរ រួបគេមានស្នៀតទាត់ និង កណ្ដាប់ដៃល្អ ដូច្នេះ រិទ្ធភូលូ ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះ មានស្នៀតប្រដាល់ល្អ និងខ្លាំង។ តែបើអាចឈ្នះបាន គឺមានតែការវាយប្ដូរកែងមួយមុខគត់ ដែលប្រថុយដូរជាមួយនឹងជ័យជម្នះ។
អ្នកប្រដាល់ថៃរូបនេះ មាន ប្រកួតចំនួន៧៨លើក ឈ្នះ៦៤លើក ចាញ់១៣លើក និង ស្មើ០១លើក៕ ដោយ៖លី ភីលីព