ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែ TV5 Boxing Knock Out Serieby K-Cement នាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានរកឃើញអ្នកប្រដាល់ចំនួន២រូបទៀត ហើយបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២។
អ្នកប្រដាល់ជើងចាស់ សារឿន ចាន់ ក្លិបតាព្រហ្មមានជ័យដែលបាត់មុខយូរដោយសារតែការប្រកួត របស់គេធ្លាក់ចុះខ្លាំងនោះបានប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មី ឌុន សុភុតក្លិបក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដោយពិន្ទុ ទោះបីសារឿន ចាន់ជាអ្នកប្រដាល់ជើងចាស់ក៏ពិតមែនតែពេលជួបជាមួយអ្នកប្រដាល់ជើងថ្មីឌុន សុភុតក៏គេវ៉ៃមិនបាន អស្ចារ្យដែរ ។
អ្នកប្រដាល់ជើងចាស់រូបនេះ បានបង្ហាញពីភាពទ្រុឌទ្រោមដោយសារតែគេមិនសូវចូលក្លិបហ្វឹកហាត់ ជាហេតុធ្វើឲ្យកម្លាំងរបស់ស្រុតចុះម្ល៉ោះហើយគេវ៉ៃ តាមរបៀបព្យាយាមរក្សាកម្លាំងដើម្បីតស៊ូឲ្យបាន៣ទឹក ព្រោះការប្រកួតក្នុងព្រឹត្តិការណ៍នេះមានតែ៣ទឹកប៉ុណ្ណោះ ។ចំពោះសុភុតវិញក៏គេហាក់ដូចជា ញញើតជាមួយអ្នកប្រដាល់ជើងចាស់រូបនេះដែរ ប្រសិនបើគេហ៊ានបើកការវាយលុកនោះក៏សារឿន ចាន់វេទនាដែរ ។
ចំណែក ថា សារុន ក្លិបពុទ្ធសេរីវង្សត្រូវអ្នកប្រដាល់ រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ទាត់ឲ្យខូចដៃស្ដាំនៅមុនស្នូរជួងបញ្ចប់ទឹកទី២។ ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នានិងកំពុងតែធ្លាក់ចុះដូចគ្នា សម្រាប់ការប្រកួតដែលមានតែ៣ទឹកបែបនេះវណ្ណៈវ៉ៃបានល្អ ព្រោះកម្លាំងរបស់គេមានគ្រប់គ្រាន់សម្រាប់តែការប្រកួត៣ទឹកប៉ុណ្ណោះ ។
ចំពោះថា សារុនកម្លាំងរបស់គេក៏បែបនេះដែរ វណ្ណៈជាអ្នកប្រដាល់ដែលចូលចិត្តវ៉ៃប្ដូរគឺប្ដូរទាំងកែង ទាំងទាត់ទាំងកណ្ដាប់ដៃ សម្រាប់ការប្រកួតនេះវណ្ណៈក្រៅពីព្យាយាម ប្រើកែងនោះគេបានទាត់សន្ធាប់ទៅលើសារុនធ្វើឲ្យសារុនលើកដៃរង ការពារទាល់តែខូចដៃនៅទឹកទី២៕
ដោយ៖លី ភីលីព