ភ្នំពេញ៖ អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ Thanuo Ngen ដោយប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាមនាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ ២០២០ នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV ។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង និងអ្នកប្រដាល់ជើងខ្លាំងថៃ Thanuo Ngen ពួកគេមិនធ្លាប់ជួបទេកន្លងមក។ ដូច្នេះជាការជួបគ្នាលើកទី១ សម្រាប់អ្នកប្រដាល់ទាំង២នាក់ពិតជាធ្វើកក្រើកសង្វៀនSEATVហើយ ។
ទោះជាយ៉ាងណាសម្រាប់ការជួបគ្នារវាង Thanuo Ngen និង សេរីវ៉ាន់ថង នេះ សូម្បីតែក្រុមអ្នកវិភាគប្រដាល់ក៏មិនហ៊ានអះអាងថា អ្នកណាឈ្នះ អ្នកណាចាញ់ដែរ ព្រោះ ឈុត សេរីវ៉ាន់ថង ថ្វីត្បិតតែគេជាអ្នកប្រដាល់ស្រករក្រោយ ប៉ុន្តែគេវាយខ្លាំង និង ល្អ។ សេរីវ៉ាន់ថង មានផ្លែកណ្តាប់ដៃ ទាត់ និង ជង្គង់ល្អ ហើយថែមទាំងខ្ពស់ និងមានចិត្តប្រដាល់ធំថែមទៀត។

Thanuo Ngen មានកលល្បិច និងបទពិសោធន៍លើរេញច្រើនជាង ឈុត សេរីវ៉ាន់ថង ប៉ុន្តែ Thanuo Ngen ក៏មិនអាចធ្វេសប្រហែស ឬមើលស្រាល សេរីវ៉ាន់ថងបានដែរ ព្រោះសេរីវ៉ាន់ថងនេះគេក៏វាយខ្លាំង និងល្អដែរ និយាយរួមពីរនាក់នេះគឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន៕ ដោយ៖លី ភីលីព
