កីឡា

ព្រឹត្តិការណ៍កីឡា លើភ្នំដងរែក “ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង” នឹងចាប់ផ្តើម នៅដើម​​ខែ កុម្ភៈ ​ខាងមុខនេះ

ព្រឹត្តិការណ៍កីឡាទេសចរណ៍ លើភ្នំដងរែកដែលប្រសិទ្ធិនាមថា  “ថ្មើរជើងប្រវត្តិសាស្រ្តអន្លង់វែង” ខេត្តឧត្តរមានជ័យ លើកទី២ នឹងចាប់ផ្តើមធ្វើនៅដើម ខែកុម្ភៈ ឆ្នាំ២០២០ ខាមុខនេះ   ដើម្បីទាក់ទាញ និងពង្រីកសក្តានុពល ឲ្យកាន់តែកក្រើកនៅលើអតីតទឹកដីនៃការតស៊ូ ចុងក្រោយនៃរបបខ្មែរក្រហម។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្ត្រ” នៅលើភ្នំដងរែក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺជាការចាប់ផ្តើមថ្មី សម្រាប់ស្រុកអន្លង់វែង ដើម្បីគាំទ្រ​​ដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយ នៃចលនាខ្មែរក្រហម។ ព្រឹត្តិការណ៍កីឡាថ្មើរជើងប្រវត្តិសាស្ត្រ​»ព្យាយាមតម្រង់ការចាប់អារម្មណ៍ ទៅលើ​​សារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់អន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាព របស់ប្រទេសកម្ពុជា។ អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយ របស់ខ្មែរក្រហមប៉ុន្តែតំបន់នេះ ក៏ជាចំណុចរបត់និមិត្តរូបមួយ នៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ។ ​ការធ្វើសមាហរណកម្មរបស់តំបន់នេះគឺមានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មីសម្រាប់ប្រជាជនកម្ពុជា ទាំងអស់គ្នាដែរ ដែលបានបញ្ចប់នូវរយៈកាលជាងបីទសវត្សរ៍នៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។                                                         អន្លង់វែងបង្កប់​​នូវភាពអាថ៌កំបាំង ដំណើរផ្សងព្រេង សម្រស់ធម្មជាតិ និងហានិភ័យខ្លះៗដែរ។ តំបន់នេះធ្លាប់ជាចំណុចជួរមុខនៃជម្លោះព្រំដែនជាមួយ ប្រទេសថៃ ហើយតំបន់ព្រៃស្រោងមួយចំនួននៅតែមិនអាចចូលទៅដល់ ដោយសារតែគ្រាប់មីនជាដើម។ សៀវភៅមគ្គុទ្ទេសមុនៗ បានពណ៌នាពីតំបន់អន្លង់វែងថា ជាគោលដៅនៃ ដំណើរផ្សងព្រេងយ៉ាងប្រថុយប្រថាន ដោយតំបន់នេះបែរជា ទទួលបាននូវសុខសុវត្ថិភាព និងសន្តិភាព ដែលមិននឹក ស្មានដល់។                                                                                                        

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍កីឡាលើភ្នំដងរែក “ថ្មើរជើងប្រវត្តិសាស្រ្តអន្លង់វែង” ខេត្តឧត្តរមានជ័យ លើកទី នឹងត្រូវបង្កើនរយៈពេលរហូតដល់ ៣ថ្ងៃ គឺថ្ងៃទី០៧ ដល់ថ្ងៃ០៩ ខែកុម្ភៈ  ដោយលោកមានប្រសាសន៍ថា ដើម្បីបង្កើនការអភិវឌ្ឍបន្ថែមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបានសហការគ្នា ដោយមានភាគីថៃ ចូលរួមដែរនោះនឹងធ្វើឲ្យព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅតំបន់តស៊ូចុងក្រោយនៃរបបខ្មែរក្រហមមួយនេះ កាន់តែទាក់ទាញបន្ថែមទៀត  ព្រឹត្តិការណ៍នេះកំពុងវិវឌ្ឍពីមួយជំហាន ទៅមួយជំហាន ដោយកាលពីលើកទី១ឆ្នាំ២០១៩ ដែលជាការចាប់ផ្តើមដំបូង ព្រឹត្តិការណ៍ “ថ្មើរជើងប្រវត្តិសាស្រ្តអន្លង់វែង” ខេត្តឧត្តរមានជ័យ នេះមានលក្ខណៈ តូចចង្អៀត  ប៉ុន្តែឆ្នាំទី២ ដែលគ្រោងនឹងធ្វើនាដើមខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងកាន់តែធំ និងទាក់ទាញពីអ្នចូលរួមកាន់តែ ច្រើន ដែលមានរយៈពេលវែងជាងមុន និង មានសកម្មភាព ច្រើនជាងមុន ដោយតាមការគ្រោងទុកនឹងមានអ្នករត់ចូលរួម ប្រមាណ១.៥០០នាក់ ក្នុងនោះអ្នករត់មកពីប្រទេសថៃ មានចំនួន ៧៥០នាក់  ក្រៅពីនេះនឹងមានការ ជិះកង់កម្សាន្ត ១០គីឡូម៉ែត្រដែលមានចន្លោះ៧០០ ទៅ៨០០នាក់ ក្នុងនោះអ្នកជិះកង់ មកពីថៃប្រមាណ៣០០នាក់ដែរ 

លោកបន្ថែមថា យើងនឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនេះធំជាងឆ្នាំមុន តាមរយៈការអំពាវនាវ តាម ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ជាពិសេសគឺ យើងនឹងបញ្ចៀបការផ្សព្វផ្សាយ ទៅតាមស្ថានទូតនានា តាមរយៈ មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីទទួលបានការគាំទ្រ និងការចូលរួមផងដែរ  ព្រឹត្តិការណ៍កីឡាទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្រ្តអន្លង់វែង” ឆ្នាំទីនេះ​ នឹងរៀបចំក្នុងរយៈពេល៣ថ្ងៃ ដោយសារការគាំទ្រនិងចូលរួមកាន់តែច្រើន ជាពិសេសគឺយើងធ្វើឲ្យមានការប្រែប្រួលពីមួយព្រឹត្តិការណ៍ទៅមួយ ព្រឹត្តិការណ៍ឲ្យមានភាពប្លែកនិងអស្ចារ្យ ​ យើងមើលទៅលើលទ្ធភាព នៃការរៀបចំ ដោយក្រៅអំពីការឧបត្ថម្ភគាំទ្រ ពីក្រសួងទេសចរណ៍ អាជ្ញាធរខេត្តឧត្តរមានជ័យ ដែលជាម្ចាស់ផ្ទះ  គឺយើងតែងតែស្វែងរកដៃគូឧបត្ថម្ភគាំទ្របន្ថែម តាមរយៈការរៀបចំ ទីតាំងលក់ដូផលិតផល ការរៀបចំ សិល្បៈកម្សាន្តជាដើម ហើយនៅថ្ងៃចុងក្រោយនឹងមានការបាញ់កាំជ្រួច អបអរទិវានេះឲ្យកាន់តែគគ្រឹកគគ្រេងផងដែ​»​​ 

លោក វ៉ាត់ ចំរើន អះអាងថា តាមគោលដៅរបស់គណៈកម្មការ គឺនឹងពង្រីកព្រឹត្តិការណ៍នេះ ឲ្យកាន់តែធំឡើងបន្ថែមទៀត នាឆ្នាំបន្តបន្ទាប់ ដោយគ្រោងនឹងពង្រីកវិញ្ញាសាថ្មើរជើងប្រវត្តិសាស្រ្តនេះ ពី៤គីឡូម៉ែត្រ ទៅ១០គីឡូម៉ែត្រ ឬពាក់កណ្តាលម៉រ៉ាតុង២១គីឡូម៉ែត្រ ហើយដោយនៅក្នុងស្រុកអន្លង់វែងនេះ ​មានតំបន់ទាក់ទាញច្រើន ដែលអាចរៀបចំទិវារត់ចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រ(Ultra Trail) លក្ខណៈផ្សងព្រេងពីខាងក្រោមមកដល់លើ កំពូលភ្នំដងរែងនៃច្រកព្រំដែនកម្ពុជាថៃ 

Most Popular

To Top