ភ្នំពេញ៖ លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជាថ្មី បានមានប្រសាសន៍ថា លោកនឹងសុំទៅសហព័ន្ធអន្តរជាតិ ដើម្បឲ្យគេផ្ដល់ឳកាសដល់អាជ្ញាកណ្ដាល ចៅក្រមកម្ពុជា ដែលមានសមត្ថភាពខ្ពស់ ក្នុងក្របខណ្ឌជាតិបានចូលរួម ប្រឡងយកកម្រិតចៅក្រម និងអាជ្ញាកណ្ដាលអន្តរជាតិ ក្នុងការប្រកួតកីឡា SEA GAMES 2023 នៅប្រទេសកម្ពុជា ។

លោកបញ្ជាក់ថា កម្ពុជាមានធនធានមនុស្សច្រើនដែរ ពួកគេសុទ្ធតែមានសមត្ថភាពខ្ពស់ៗ គ្រាន់តែពួកគេជាចៅក្រម អាជ្ញាកណ្ដាល ថ្នាក់ជាតិតែប៉ុណ្ណោះ ។

ពួកគេធ្លាប់ដឹកនាំកីឡាករ-កីឡាការិនីទៅប្រកួត នៅ ក្រៅប្រទេសជាញឹកញាប់ហេតុនេះ គេមានបទពិសោធន៍ច្រើន ហើយលើការងារនៅក្រៅប្រទេស ។

នៅខែមីនាខាងមុខនេះ លោកនឹងទៅចូលរួម មហាសន្និបាតសហព័ន្ធវាយ កូនឃ្លីលើតុអន្តរជាតិ ដែលពេលនោះហើយជាឱកាស សម្រាប់លោកស្នើសុំទៅសហព័ន្ធអន្តរជាតិ ឲ្យគេផ្ដល់ឱកាសឲ្យអាជ្ញាកណ្ដាលថ្នាក់ជាតិ របស់កម្ពុជាបានចូលរួមប្រឡង យកកម្រិតអាជ្ញាកណ្ដាល ចៅក្រមអន្តរជាតិ ។

លោកអគ្គលេខាធិការបន្តថា សព្វថ្ងៃនេះកម្ពុជាមានអាជ្ញាកណ្ដាលអន្តរជាតិ តែមួយរូបប៉ុណ្ណោះគឺលោកស៊ុន រតនា ។ SEA GAMES 2023 ខាងមុខនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហេតុនេះកម្ពុជាត្រូវការមានចៅក្រម អាជ្ញាកណ្ដាលអន្តរជាតិឲ្យបានច្រើនរូបទៀត ។

លោកមានជំនឿចិត្តថាសហព័ន្ធអន្តរជាតិនឹងទទួលយកសំណើរបស់លោកជាមិនខានឡើយ ៕ដោយ៖លី ភីលីព
