ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធត្រៀមនឹងបញ្ជូល កីឡាករ-កីឡាការិនីរបស់ខ្លួន ធ្វើការហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន នាដើមខែមិថុនា ឆ្នាំ២០២០ដើម្បីការប្រកួតកីឡា SEA GAMES ២០២១នៅប្រទេសវៀតណាម និង២០២៣ នៅប្រទេសកម្ពុជា។

លោកបានលើកឡើងបែបបនេះ ក្នុងពិធីសន្និបាតសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០១៨-២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២០ នៅទីស្នាក់ការគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។
លោកបានបន្តថា ការហ្វឹកហាត់នេះជាមួយគ្រូបង្វឹក ដែលមានជំនាញផ្នែកកីឡាលើកទម្ងន់ ក្រោយពីបញ្ចប់ការហ្វឹកហាត់រយៈពេល៦ខែ យើងនឹងត្រឡប់មកកម្ពុជាវិញ ជាមួយគ្រូបង្វឹកជនជាតិចិន ដើម្បីបន្តហ្វឹកហាត់ក្នុងស្រុកទៀត ហើយក៏ត្រឡប់ទៅប្រទេសចិន រហូតដល់ឆ្នាំ២០២៣តែម្តង។
សម្រាប់ឆ្នាំ២០២០ នេះសហព័ន្ធទទួលបានការឧបត្ថម្ភពីសាមគ្គីអូឡាំពិក តាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកជំនាញ អាជ្ញាកណ្តាល និងអត្តពលិក។

សហព័ន្ធសមាជិកគណៈកម្មាធិការប្រតិបត្តិព័ន្ធចំនួន ១៣នាក់ មានសមាជិកក្លិប៧ រួមមានកីឡាករ កីឡាការិនី ២៩នាក់ ស្រី៧នាក់ រួមមានក្លិបហាត់ប្រាណ-លើកទម្ងន់រ៉ាវី ផ្សារបូរីដំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ក្លិបហាត់ប្រាណ-លើកទម្ងន់រោមជើម ទីតាំង សង្កាត់បឹងកក់២ ខណ្ឌ ៧មករា ក្លិបហាត់ប្រាណ-លើកទម្ងន់គឺងកុង ទីតាំងមុនតិចណូសង្កាត់ទឹកល្អក់ ខណ្ឌទួល គក ក្លិបហាត់ប្រាណ-លើកទម្ងន់រាជសីហ៍ ផ្ទះ៣៥ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ ក្លិបហាត់ប្រាណ-លើកទម្ងន់វត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក សៀមរាប ក្លិបហាត់ប្រាណ-លើកទម្ងន់គីងកុង ខេត្តកំពត និងក្លិបហាត់ប្រាណ-លើកទម្ងន់ប្ញស្តារ ខេត្តកំពត។ ដោយ៖លី ភីលីព

