ស៊ីដនី៖ ក្រុមបាល់ទាត់នារីជម្រើសជាតិចិន នឹងចូលរួមប្រកួតជម្រុះអូឡាំពិក នៅស៊ីដនីនាខែក្រោយនេះ ត្រូវបានដាក់ឲ្យដាច់ពីគ្នា នៅក្នុងសណ្ឋាគារ Brisbane ខណៈការភ័យខ្លាចរាល ដាលអំពីការផ្ទុះឡើង នៃវីរុសថ្មីដែលបានសម្លាប់មនុស្សជាង ១៧០ នាក់យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការឃុំឃាំងត្រូវបានដាក់ដោយមន្រ្តីសុខាភិបាល នៅរដ្ឋឃ្វីនឡែនបាននិយាយថា មនុស្ស ៣២ នាក់រួមទាំងកីឡាករ គ្រូបង្វឹក និងបុគ្គលិកបានធ្វើដំណើរឆ្លងកាត់ទីក្រុងវ៉ូហាន របស់ប្រទេសចិនដែលរងឥទ្ធិពលដោយវីរុស កាលពីមួយសប្តាហ៍មុន ។ ក្រុមនេះត្រូវបានដាក់ឲ្យនៅដាច់ដោយ ឡែកពីគ្នា បន្ទាប់ពីបានទៅដល់ទីក្រុង Brisbane ពីទីក្រុងសៀងហៃកាលពីថ្ងៃអង្គារ ហើយនឹងត្រូវនៅជាប់សណ្ឋាគារ Brisbane រហូតដល់ថ្ងៃពុធ។
សមាគមបាល់ទាត់ចិនបាននិយាយថា កីឡាករនិងបុគ្គលិកមានសុខភាពល្អ ហើយមិនបានបង្ហាញសញ្ញានៃជំងឺនេះទេ។
ការប្រកួតជម្រុះក្នុងតំបន់អូឡាំពិក ត្រូវបានផ្លាស់ប្តូរទីលំនៅពីទីក្រុងវ៉ូហានទៅ Nanjing មុនពេលសហព័ន្ធ កីឡាបាល់ទាត់អាស៊ីផ្លាស់ប្តូរវា ទៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីដោយសារ តែមានការព្រួយបារម្ភអំពីវីរុសឆ្លង ។

សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលីនេះ បានបញ្ជាក់ពីកាលវិភាគថ្មី សម្រាប់ការប្រកួតដែលមាន ៤ ក្រុម នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ជាមួយនឹងការប្រកួតរវាងកោះតៃវ៉ាន់ និងថៃនៅពហុកីឡដ្ឋាន Campbelltown ទីក្រុងស៊ីដនី រីឯចិននឹងប្រកួតដំបូង ជាមួយថៃនៅ Campbelltown នៅថ្ងៃព្រហស្បតិ៍នេះ ៕ ដោយ៖លី ភីលីព
