ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានស្នើទៅដល់មន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្តក្រុង ព្រមទំាងសហព័ន្ធកីឡាជាតិទំាងអស់រួមគ្នា ស្វែងរកចំណុចខ្វះខាតនិងភាពអសកម្ម នៅក្នុងឆ្នាំចាស់កន្លងមក ដើម្បីកែលម្អរឡើងវិញឆ្ពោះ ទៅរកភាពជោគជ័យ ការប្រកួតកីឡាស៊ី SEA GAMES លើកទី៣២ ឆ្នាំ២០២៣។
លោកបានលើកឡើងបែបបនេះ ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបការងារ អនុវិស័យអប់រំកាយ និងកីឡាឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០ សាលប្រជុំទន្លេបាសាក់២ ព្រមទំាអគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិក តំណាងគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងតំណាំងគណៈកម្មការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ប្រធាន អនុប្រធានមន្ទីរ និងប្រធានអនុប្រធានការិយាល័យកីឡាទាំង២៥ រាជធានី ខេត្ត អគ្គនាយក លោកអគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា។
លោក ស សុខាបានមានប្រសាសន៍ឱ្យដឹងទៀតថាស្របពេលដែលវិស័យកីឡាជាតិកំពុងតែមានភាពរីកចម្រើន ហើយមានសហព័ន្ធកីឡាជាតិមួយចំនួនកំពុងតែមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សកម្មភាពយ៉ាងផុលផុស ប៉ុន្តែក៏នៅមានសហព័ន្ធកីឡាជាតិមួយចំនួនតូចស្ថិតនៅក្នុងភាពអសកម្មនៅឡើយ។ជុំវិញទៅនឹងបញ្ហានេះលោកធ្វើការព្រមានចំពោះមុខថានៅត្រូវតែធ្វើការវះកាត់ចេញដើម្បីដើរឱ្យទាន់សភាពការ ជាពិសេសឆ្ពោះទៅរកភាពជ័យជ័យសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង។
លោកបានបានថា គ្រប់ការងារទាំងអស់ក្រសួងអប់រំ យុវជន និងកីឡាតែម្នាក់ឯងមិនអាចធ្វើទៅរួចនោះទេ ត្រូវតែរួមដៃគ្នាតាំងពីសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ទីរអប់រំយុវជននិងកីឡា គ្រប់រាជធានីខេត្តតែម្ដង។
ជាពិសេសគ្រប់ស្ថាប័ន្ធពាក់ព័ន្ធបូករួម ទាំងវិស័យឯកជនផងដែរ ។ សម្រាប់រដូវកាលថ្មីឆ្នាំ២០២០នេះ ក្រសួងអប់រំយុវជននិងកីឡា បានត្រៀមកញ្ចប់ថវិកាឧបត្ថម្ភ ដល់សហព័ន្ធកីឡាជាតិចំនួន៤០ ប៉ុន្តែក្នុងនោះចំពោះសហព័ន្ធខ្លះ ដែលគ្មានសកម្មភាពបើសិន ជារកឃើញថាសហព័ន្ធនោះ មានភាពអសកម្មនិងគ្មានរបាយការណ៍ ច្បាស់លាស់មកកាន់ក្រសួងទេ ក្រសួងអប់រំយុវជននិងកីឡា ធ្វើការព្រមានហើយនឹងធ្វើការពិចារណា ដកកាឧបត្ថម្ភតែម្ដង៕ដោយ៖លី ភីលីព