កីឡា

ចាន់ សំអាត និង នី សុភីប៉ះថៃលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ នៃការប្រកួតគុនខ្មែរ ខ្សែក្រវាត់ខារ៉ាបាវ

ភ្នំពេញ៖ ការប្រកួតគុនខ្មែរខ្សែក្រវាត់ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកប្រដាល់កម្ពុជាចាន់ សំអាត ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង ជួបអ្នកប្រដាល់ថៃ Brap Soek ទម្ងន់ ៦០ គីឡូក្រាម រីឯ អ្នកប្រដាល់កម្ពុជា នី សុភី ក្លិបកុលបុត្រគុនខ្មែរប៉ះអ្នកប្រដាល់ថៃ Ka Khunsoek ទម្ងន់៦៧គីឡូក្រាម ។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា សម្រាប់ការប្រកួតចាន់ សំអាត និង Brap Soek ក៏មិនធ្លាប់ជួបគ្នាដែរកន្លងមក តែយ៉ាងណា ចាន់ សំអាត ក៏រាងយ៉ាប់បន្តិចជាមួយ Brap Soek ទោះបីមានកាយសម្បទាអំណោយផលល្អ គឺខ្ពស់ ដៃវែង ជើងវែង ដែលអាចប្រើស្នៀតទាត់ ធាត់ ជង្គង់ ឬកែង ប្រកបដោយប្រសិទ្ធភាពល្អជាងក៏ពិតមែន ។ អ្នកប្រដាល់ប្រកួត៧៦លើក ឈ្នះ៥៥លើក និងចាញ់១២លើក និងមិនដែរស្មើ ខណៈ ចាន់សំអាត ប្រកួត៧៨លើក ឈ្នះ៥៩លើក ចាញ់១៦លើកនិងស្មើ០៣លើក។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា Ka Khunsoek ធ្លាប់វាយឈ្នះអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាច្រើននាក់ និងធ្លាប់ប្រកួតស្មើជាមួយនី សុភី ប៉ុន្តែសុភី មួយរយៈចុងក្រោយនេះហាក់ដូចជាជួបសំណាងល្អច្រើនក្នុងការជួបប្រកួតជាមួយថៃ ដោយវាយឈ្នះថៃប៉ុន្មាននាក់ផ្ទួនៗគ្នា។លើកនេះនី សុភី ត្រូវជួបជើងខ្លាំងលើសគូប្រកួតលើកមុនទៅទៀត។

ចំណែកអ្នកប្រដាល់ថៃ Ka Khunsoek មានប្រកួត ៩៧លើក ឈ្នះ ៨៣លើក ចាញ់ ១១លើក និង ស្មើ៣លើក ខណៈនៅ សុភី ប្រកួត១៧០លើក ឈ្នះ ១៣០លើក ចាញ់២៨លើក និងស្មើ១២លើក។ នី សុភី មានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភគឺខ្លាចតែចាញ់កម្លាំងស៊ុហ្វ និងចាញ់កម្ពស់ Ka Khunsoek តែប៉ុណ្ណោះ ៕ ដោយ៖លី ភីលីព

Most Popular

To Top