កីឡា

លោក ហែម គីរី៖ អាងហែលទឹក ស្រុកកោះធំខេត្តកណ្តាល សាងសង់ប្រមាណជិត ៨៥ ភាគរយហើយ

ភ្នំពេញ៖ ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ហែម គីរី អគ្គលេខាធិការ និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹក បានចុះត្រួតពិនិត្យអាងហែលទឹក ស្រុកកោះធំ ខេត្តកណ្តាលក្រោយពីការកែសម្រួល បច្ចេកទេសម្តង់ទៀត ដែលកំពុងធ្វើការសាងសង់ ប្រមាណជិត៨៥ ភាគរយ និងគ្រោងបញ្ចប់នៅចុងខែកុម្ភៈនេះ។

លោក ហែម គីរីបានប្រាប់ឲ្យដឹងថា អាងហែលទឹកនេះទៅតាមស្តងដារបច្ចេកទេស និងទំហំមានទទឹង២០ម៉ែត្រ បណ្តោយ២៥ម៉ែត្រតាមខ្នាត យើងអាចរៀបការប្រកួតអន្តរជាតិខ្នាតតូច និងសម្រាប់ការហ្វឹកហាត់ផងចំពោះកីឡាករ-កីឡាការិនីហែលទឹក ស្រុកកោះធំ ខេត្តកណ្តាលក្នុងការត្រៀមការប្រកួតកីឡាជាតិលើកទី៣ប្រព្រឹត្តិចាប់ថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០។

លោកបានបន្តថា អាងហែលទឹកនេះមានបន្ទប់ទឹកសម្រាប់កីឡាករ-កីឡាការិនីហែលទឹកប្រើប្រាស់ ការិយាល័យធ្វើការរបស់មន្ត្រី បន្ទប់បច្ចេកទេស (ប្រើប្រាស់សម្រាប់បញ្ជាការប្រកួត) និងទីលានអង្គុយទស្សនាដែលមានដំបូលការប្រកួត។

ចំពោះអាងហែលទឹកនេះស្ថិតនៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល គ្រោងចំណាយថវិកាអស់សរុបប្រមាណ៣០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក សម្រាប់សិស្សានុសិស្ស ក៏ដូចជាកីឡាករហែលទឹកអាចហ្វឹកហាត់កីឡាដើម្បីសុខភាព និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕ ដោយ៖លី ភីលីព

Most Popular

To Top