ទន្លេបាទី៖ នារសៀលថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២០ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ព និងជាអនុប្រធានសហព័ន្ធទូកកានូ និង រ៉ូអ៊ីងកម្ពុជាតំណាងឲ្យសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជាអញ្ជើញចូលរួមបិទ ការប្រកួតកីឡាទូកប្រពៃណី (ទូកនាគ)ទូកកានូ-ជ្រើសរើសភូមិភាគនិរតីពានរង្វាន់ស ខេង លើកទី២ ឆ្នាំ២០២០នៅទន្លេបាទី ខេត្តតាកែវ។
ដោយការប្រកួតខាងលើកនេះ មាន៦ខេត្តចូលរួមគឺខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកោះកុង និងមាន៣វិញ្ញាសាផ្នែកបុរស១២នាក់ ចម្ងាយ១០០០ម៉ែត្រ ផ្នែកនារី១២នាក់ចម្ងាយ៥០០ម៉ែត្រ ព្រមទំាងផ្នែកចម្រុះបុរសនារីចម្ងាយ៥០០ម៉ែត្រ ។
សម្រាប់លទ្ធផលបច្ចេកទេស ផ្នែកវិញ្ញាសា ៥០០ ម៉ែត្រចម្រុះបុរសនារី៖ មេដាយមាសបានទៅលើ សមាគមកីឡាខេត្តតាកែវ មេដាយប្រាក់បានទៅលើសមាគមកីឡាខេត្តកែប និងមេដាយសំរិទ្ធបានទៅលើសមាគមកីឡាខេត្តតាកែវ ។ ចំណែកផ្នែកវិញ្ញាសា ៥០០ម៉ែត្រនារី៖មេដាយមាស បានទៅលើសមាគមកីឡាខេត្តតាកែវ និងមេដាយប្រាក់បានទៅលើសមាគមកីឡាខេត្តកែប ។
រីឯផ្នែកវិញ្ញាសា ១០០០ ម៉ែត្របុរស៖ មេដាយមាសបានទៅលើសមាគមកីឡាខេត្តកោះកុង មេដាយប្រាក់បានទៅលើសមាគមកីឡាខេត្តកំពង់ស្ពឺ និងមេដាយសំរិទ្ធ បានទៅលើសមាគមកីឡាខេត្តព្រះសីហនុ ៕ ដោយ៖លី ភីលីព