ភ្នំពេញ៖ កាប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) នៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២០ អ្នកប្រដាល់កម្ពុជា សេក គឹមរួន ក្លិបម្កុថរាជសីហ៏ប៉ះអ្នកប្រដាល់ថៃ Aram Boy ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមខណៈអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ខណ្ឌពោធិសែនជ័យ ជួបអ្នកប្រដាល់ ថៃ Phat Chhart Chhay ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។
លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀនSEATVបាននិយាយថា សេក គឹមរួន សម្រាប់ការប្រកួតកលើកនេះគឺជាការងារធ្ងន់ ពីព្រោះ Aram Boy មានស្នៀតវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន។ អាចនិយាយបាន ថា Aram Boy ជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេ។
ចំពោះសេក គឹមរួន មានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភគឺខ្លាចតែចាញ់កម្លាំង ស៊ុហ្វ និងចាញ់កម្ពស់ Aram Boy តែប៉ុណ្ណោះ ហើយរបៀបវាយរបស់គេ កាន់តែល្អ និង រហ័សជាងមុន ហើយកម្លាំងកាយសម្បទានិង ទឹកចិត្តរបស់គេគឺខ្លាំងជានិច្ច អ្នកប្រដាល់ថៃរូបនេះមានការប្រកួត១០៥ដង ឈ្នះ៧២ដង ចាញ់២៨ដង និងស្មើ៥ដង រីឯសេក គឹមរួន វិញប្រកួត៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង និងស្មើ ៣ដង ។
ដោយឡែកអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ខណ្ឌពោធិសែនជ័យជួបអ្នកប្រដាល់ ថៃ Phat Chhart Chhay ។ ពុទ្ធ ឆាយរិទ្ធី ជាខ្លាចំណាស់មួយរូបដែរនោះទំនងជាមិនស្រួលសម្រាប់ Phat Chhart Chhay ឡើយ ហើយ Phat Chhart Chhay ចាញ់កម្ពស់រិទ្ធីតែកម្លាំងរបស់គេអាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហាពិសេសគេជាអ្នកប្រដាល់ដែលរឹងទាំងជើងក្រោមមានផ្លែកែង ជង្គង់ល្អហើយវ៉ៃមិនឆេវឆាវទៀតផង ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង ស្មើពិន្ទុ៣ដង និង ធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង និងពុទ្ធ ឆាយរិទ្ធីវិញមានប្រវត្តិប្រកួតចំនួន ៩១ដង ឈ្នះ៦៣ដង ចាញ់២៥ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ ដង ៕ ដោយ៖លី ភីលីព