ភ្នំពេញ៖ លោក សែម សុខា អនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា នាំយកថវិការាជរដ្ឋាភិបាល ៣៣៤លានរៀល ប្រគល់ជូនជ័យលាភីកីឡាស្ប៉េស្យាល់ អូឡាំពិកកម្ពុជាដែលឈ្នះមេដាយពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019 នៅអារ៉ាប់រួម នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដណ្ដើមបានមេដាយ ១០គ្រឿង មាស៣ ប្រាក់៣ និងសំរិទ្ធ៤គ្រឿង ។
តាមការបញ្ជាក់ពីលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ផ្តល់ជូនអត្តពលិក៧នាក់ ក្នុងនោះមេដាយមាស៣គ្រឿង ៩០លានរៀល មេដាយប្រាក់៣ ៦០លានរៀល និងមេដាយសំរិទ្ធ៦៤លានរៀល គ្រូបង្វឹក២នាក់ ក្នុងម្នាក់៣០លានរៀល និងគ្រូជំនួយ២នាក់ ក្នុងម្នាក់ ២១លានរៀល រួមទាំងអ្នកដឹកនាំម្នាក់ និងអ្នកថែទាំម្នាក់ ក៏ទទួលបានប្រាក់រង្វាន់ពិសេសនេះដែរ ដែលសរុបទឹកប្រាក់ទាំងអស់ចំនួន ៣៣៤លានរៀល ។
លោក សែម សុខា បានណែនាំឲ្យកីឡាំករកីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី ដណ្ដើមមេដាយពីការប្រកួត អន្ដរជាតិមកជូនជាតិ ។ ជាមួយនេះលោក បានអំពាវនាវដល់គ្រប់ អង្គភាពពាក់ព័ន្ធទាំងអស់ សូមរួមគ្នាយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឲ្យអត្តពលិកខ្សោយសតិបញ្ញា បានហ្វឹកហាត់ ត្រួតពិនិត្យសុខភាព និងចូលរួមការប្រកួតនានា ពិសេសក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកនៅជិតបំផុតរបស់កីឡាករ កីឡាការិនីខ្សោយសតិបញ្ញា ដែលជាកត្តាសំខាន់ ក្នុងការបំផុសជម្រុញលើកទឹកចិត្ត ដល់ពួកគាត់ដើម្បីចូលរួមប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិក ប្រតិភូ គ្រូបង្វឹក និងគ្រូជំនួយ ចំនួន១៥នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍ កីឡាស្ប៉េស្យាល់អូឡាំពិក ពិភពលោក លើកទី១៥ នៅទីក្រុង Abu Dhabi ដែលការប្រកួតនេះ បានធ្វើឡើងពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ៕
ដោយ៖ លី ភីលីព