ភ្នំពេញ៖នាព្រឹថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សិទិ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មានទូទៅ និងបទបញ្ជាបច្ចេកទេសជាមួយគណៈប្រតិភូទំាង២៥ខេត្ត-ក្រុង និងសហព័ន្ធកីឡាជាតិទំាង៨ដើម្បីត្រៀមព្រឹត្តការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០ចាប់ផ្តើមនាខែមីនាខាងមុខនេះនៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិតនៃហុកីឡដ្ឋានជាតិ។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែមីនាដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ដែលមាន៨ប្រភេទកីឡារួមមានកីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT និងតេក្វាន់ដូITF។ ដោយសហព័ន្ធកីឡានីមួយត្រូវធ្វើបទបង្ហាញបទបញ្ជា និងច្បាប់ការប្រកួតតាមច្បាប់កីឡាជាតិ ព្រមទំាងអន្តរជាតិចុងក្រោយ។ សម្រាប់ទីលានយើងបានជ្រើសរើសទីលានចំនួន៥ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យបឹងកេងកង និងវិទ្យាល័យបាក់ទូក។
លោក លោក អ៊ុក សិទិ្ធជាតិ បានមានប្រសាសន៍ថា គណៈប្រតិភូទំាង២៥ខេត្ត-ក្រុងត្រូវត្រួតពិនិត្យបទបញ្ជាបច្ចេកទេសការប្រកួតឲ្យបានច្បាស់តាមប្រភេទកីឡាទំាង៨ ឬតាមប្រភេទកីឡាដែលបានចូលរួមការប្រកួត ជៀសវាងធ្វើការតវ៉ាខុសបច្ចេកទេសរំខាន់ដល់ការប្រកួត។ ចំពោះកីឡាករ-កីឡាការិនដែលខេត្ត-ក្រុងទំាង២៥បញ្ជូលចូលរួមត្រូវគិតពីអាយុ ១២ឆ្នាំ៕ដោយ៖លី ភីលីព