ភ្នំពេញ៖ កាប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) នាយប់ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសង្វៀនSEATV អ្នកប្រដាល់ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៏មានរិទ្ធ និងអ្នកប្រដាល់ថៃ Buo Vy ទម្ងន់ ៦០គីឡូក្រាម រីឯអ្នកប្រដាល់ ឡុង ជិន ក្លិបខ្លារខិនមានរិទ្ធ ជួបអ្នកប្រដាល់ថៃ Sen Morokorth ទម្ងន់ ៦០គីឡូក្រាម។
លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀនSEATVបានប្រាប់ឲ្យដឹងថា ចំពោះការប្រកួតមួយគូនេះ រវាង អ្នកប្រដាល់ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៏មានរិទ្ធ និងអ្នកប្រដាល់ថៃ Buo Vy ទម្ងន់ ៦០គីឡូក្រាម។ សម្រាប់ការជួបគ្នាលើកនេះ បើតាមការសន្និដ្ឋាន និងវាយតម្លៃនោះ Buo Vy ប្រហែលជាមានសំណាងតិចតួចក្នុងការយកឈ្នះ ម៉ន សាម៉េត នោះ? តែយ៉ាងណា Buo Vy គេក៏មានកលល្បិច និងបទពិសោធន៍លើរេញច្រើនគួរសមដែរ។
ចំពោះ ម៉ន សាម៉េត ក៏មិនអាចធ្វេសប្រហែស ឬមើលស្រាល Buo Vy បានដែរ ព្រោះ Buo Vyនេះគេក៏វាយខ្លាំង និងល្អដែរ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។ ម៉ន សាម៉េត ប្រកួត១៤៨លើក ឈ្នះ១០៩លើក ចាញ់៣៣លើក និងស្មើពិន្ទុ៦លើក រីឯ Buo Vy ប្រកួត៩៣លើក ឈ្នះ៧៥លើក ចាញ់១៧លើក និងស្មើពិន្ទុ១លើក។
ចំពោះអ្នកប្រដាល់ ឡុង ជិន ក្លិបខ្លារខិនមានរិទ្ធ ជួបអ្នកប្រដាល់ថៃ Sen Morokorth ទម្ងន់ ៦០គីឡូក្រាម។ ឡុង ជិនត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ Sen Morokorth ដែលអ្នកប្រដាល់ថៃជើងខ្លាំងមួយរូបមានស្នៀតគុនថៃល្អប្រសើរដែរ។ Sen Morokorth ជាអ្នកប្រដាល់មួយរូប ដែលមិនស្រួលបង្ក្រាបនោះទេគេមានកម្លាំងល្អ និងកលល្បិចវាយលុកអស្ចារ្យណាស់ ។
អ្នកប្រដាល់ថៃរូបនេះប្រកួត៥៩លើក ឈ្នះ៥១លើក ចាញ់៨លើក ដោយឡែកឡុង ជិនវិញប្រកួត៨៤លើក ឈ្នះ៦៤លើក ចាញ់១៨លើក និងស្មើ៤លើក និងវាយគូប្រកួតឲ្យសន្លប់បាន១០លើក ៕ ដោយ៖លី ភីលីព