ខេត្តសៀមរាប៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន សហព័ន្ធតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជានាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ ការប្រកួតកីឡា ទូកប្រពៃណី (ទូកនាគ) ទូកនូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគ បឹងទន្លេសាប និង ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០នៅបឹងឈូក ស្រុកបន្ទាយស្រីខេត្តសៀមរាប។
ចំពោះលទ្ធផលបច្ចេកទេសការប្រកួត ផ្នែកកីឡាទូករ៉ូអ៊ីងឯកត្តជន ៥០០ ម៉ែត្រ មេដាយមាសបានលើកីឡាករ សែន កញ្ញា មេដាយប្រាក់បានលើកីឡាករ ពុធ ពិសាល និងមេដាយសំរិទ្ធបានលើកីឡាករ ណុល សារណ: ចំណែកផ្នែកកីឡាទូកកានូ ឯកត្តជន ៥០០ ម៉ែត្រ៖មេដាយមាសបានលើកីឡាករ ហ៊ល លីដា មេដាយប្រាក់បានលើកីឡាករ លី ម៉ូស្លីម និងមេដាយសំរិទ្ធបានលើកីឡាករ លាស់ ស្មាអែល។
រីឯផ្នែកកីឡាទូកកាយ៉ាក់ ឯកត្តជន ៥០០ ម៉ែត្រ៖មេដាយមាសបាន លើកីឡាករ ហ៊ល ដាលិស មេដាយប្រាក់បានលើកីឡាករ ម៉ាត់ ស្លាមី និងមេដាយសំរិទ្ធបានលើ កីឡាករ ឌី សៀកឡេង និងផ្នែកទូកនាគ ចំណុះ១២ នាក់ចម្ងាយ ១០០០ម៉ែត្របុរស៖មេដាយមាសបានលើសមាគមកីឡា ខេត្ត សៀមរាប មេដាយប្រាក់ បានលើសមាគមកីឡា ខេត្ត បន្ទាយមានជ័យ និងមេដាយសំរិទ្ធបានលើសមាគមកីឡា ខេត្ត កំពង់ឆ្នាំង ។
ដោយឡែកផ្នែកទូកនាគចំណុះ១២ នាក់ចម្ងាយ៥០០ម៉ែត្របុរស៖មេដាយមាសបានលើសមាគមកីឡា ខេត្ត សៀមរាប មេដាយប្រាក់បានលើសមាគមកីឡា ខេត្ត បន្ទាយមានជ័យ និងមេដាយសំរិទ្ធបានលើសមាគមកីឡា ខេត្ត កំពង់ឆ្នាំង៕



