ខេត្តកំពង់ចាម៖ក្លិបតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន ពាមជីកងរបស់ខេត្តកំពង់ចាមបានរៀបចំការប្រកួតកីឡាតេក្វាន់ដូ ជើងឯកប្រចាំឆ្នាំ២០២០ ខេត្តកំពង់ចាមរយៈពេល២ថ្ងៃគឺថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី តេក្វាន់ដូWTឆ្នើមត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី៣នាខែឧសភា ខាងមុខនេះ។
លោក សំ សុខឃី ជាសមាជិកខេមរសហព័ន្ធ និងជាគ្រូបង្វឹកកីឡាតេក្វាន់ដូបាន ប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូជើងឯក ប្រចាំឆ្នាំ២០២០ ខេត្តកំពង់ចាមដើម្បីចម្រាញ់ កីឡាករ-កីឡាការិនីតេក្វាន់ដូWTឆ្នើមប្រកួតតំណាងខេត្តកំពង់ចាម ក្នុងការចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៣ដែលនឹងប្រព្រឹត្តិនៅ ថ្ងៃទី៤រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នៅភ្នំពេញ។ សកម្មភាពដោយមានការជួយគាំទ្រ ពីលោកបណ្ឌិតសភាចារ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកប្រធានមន្ទីរ អប់រំខេត្ត ស្រុកកងមាស នាយកវិទ្យាល័យហ៊ុន សែន ពាមជីកង ។
លោកបានបន្ថែមទៀតថា ការប្រកួតខាងលើកនេះ មានកីឡាករ-កីឡាការិនីចំនួន៣៨នាក់ក្នុងកីឡាការិនី២០នាក់ដែលមានវិញ្ញសាមេគុន និងប្រយុទ្ធទៅតាម ផែនការនៃវិញ្ញាសា ដាក់ប្រកួតកីឡាជាតិឆ្នាំ២០២០ ដោយក្នុងនោះកីឡាការិនីមានវិញ្ញាសាមេគុន និងប្រយុទ្ធ៥ ប្រភេទទម្ងន់គឺប្រភេទទម្ងន់ក្រោម៤២ ,៤៦ ៤៩,៥៣ និង៥៧គីឡូក្រាម។ ចំណែកកីឡាករ មានវិញ្ញាសាមេគុន និងប្រយុទ្ធ៩ប្រភេទទម្ងន់ គឺប្រភេទទម្ងន់ក្រោម៤៥,៤៨,៥៤,៥៨,៦៣,៦៨,៧៤,៨០ និង៨០គីឡូក្រាមឡើង។
លោកគ្រូបានបន្តថា មុនចេញការប្រកួតកីឡាជាតិ យើងនឹងធ្វើការហ្វឹកហាត់ ពង្រឹងសមត្ថភាពបច្ចេកទេស និងស្របតាមគោលការណ៍ ច្បាស់លាស់ធ្វើឲ្យប្អូនៗ កូនៗទាំងអស់គ្នា មានឆន្ទៈមុតស្រួចទទួលបានលទ្ធផលជាផ្លែផ្កា រួមមានមេដាយ មាស ប្រាក់ និងមេដាយសំរឹទ្ធ។ លោកសុំអំពាវនាវដល់ថ្នាក់ដឹកនាំ ខេត្តជួយឧបត្ថម្ភដល់កីឡាករ-កីឡាការិនីហ្វឹកហាត់ រយៈពេល២ខែពង្រឹងសមត្ថភាព បច្ចេកទេស៕ ដោយ៖លី ភីលីព