កីឡា

ខ្លាចាស់ ចាន់ ស៊ីណាត ពុទ្ធ ឆាយរិទ្ធីជួបមិត្តចាស់លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជា ចាន់ ស៊ីណាត ក្លិបនិរោធន៍មានជ័យប៉ះអ្នកប្រដាល់ថៃ Lam Namchhok ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមខណៈអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ខណ្ឌពោធិសែនជ័យ ជួបអ្នកប្រដាល់ ថៃ Keng Kat ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។

លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀនSEATVបាននិយាយថា ចាន់ ស៊ីណាត សម្រាប់ការប្រកួតកលើកនេះគឺជាការងារធ្ងន់ ពីព្រោះ Lam Namchhok មានស្នៀតវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន។ អាចនិយាយបានថា Lam Namchhok ជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេ។

ចំពោះចាន់ ស៊ីណាត មានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភគឺខ្លាចតែចាញ់កម្លាំង ស៊ុហ្វ និងចាញ់កម្ពស់ Lam Namchhok តែប៉ុណ្ណោះ ហើយរបៀបវាយរបស់គេ កាន់តែល្អ និង រហ័សជាងមុន ហើយកម្លាំងកាយសម្បទានិង ទឹកចិត្តរបស់គេគឺខ្លាំងជានិច្ច អ្នកប្រដាល់ថៃរូបនេះមានការប្រកួត៧៥ដង ឈ្នះ៦៧ដង ចាញ់៧ដង និងស្មើ១ដង រីឯចាន់ ស៊ីណាត វិញប្រកួត២១០ដង ឈ្នះ០ដង ចាញ់២០ដង និងស្មើ១០ដង ។

ដោយឡែកអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ខណ្ឌពោធិសែនជ័យជួបអ្នកប្រដាល់ ថៃ Keng Kat ។ ពុទ្ធ ឆាយរិទ្ធី ជាខ្លាចំណាស់មួយរូបដែរនោះទំនងជាមិនស្រួលសម្រាប់ Keng Kat ឡើយ ហើយ Keng Kat ចាញ់កម្ពស់រិទ្ធីតែកម្លាំងរបស់គេអាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហាពិសេសគេជាអ្នកប្រដាល់ដែលរឹងទាំងជើងក្រោមមានផ្លែកែង ជង្គង់ល្អហើយវ៉ៃមិនឆេវឆាវទៀតផង ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង ស្មើពិន្ទុ៣ដង និង ធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង និងពុទ្ធ ឆាយរិទ្ធីវិញមានប្រវត្តិប្រកួតចំនួន ៩១ដង ឈ្នះ៦៣ដង ចាញ់២៥ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ ដង ៕ ដោយ៖លី ភីលីព

Most Popular

To Top